ត្រីរាជ ដែលកំពុងរងគ្រោះជិតផុតពូជ ២ក្បាល រួមជាមួយត្រីគល់រាំង និងត្រីប្រាធំប្រមាណ ៥០០០ក្បាលបានលែងចូលទៅក្នុងទន្លេមេគង្គ

ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣–ត្រី​រាជដែល​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជពីរក្បាល រួម​ជា​​មួយត្រី​ជិត​ផុត​ពូជ និងត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី រាប់ពាន់ក្បាលផ្សេងទៀត បានលែ​ង​ចូ​ល​​ទៅក្នុងធម្មជាតិវិញ នៅត្រង់ ចំនុចប្រសព្វនៃទន្លេសាប និង ទន្លេមេគង្គ។ នេះ​ប​ង្ហា​ញ​ពី​ស្ថា​ន​​ភា​ព​គួរឱ្យបារម្ភនៃ​ប្រភេទ​សត្វជិតផុតពូជនេះ​ដែល​ចំនួនរបស់វា​បាន​ថយចុះ​រហូត​ដល់​៩៩​ភា​គ​រយ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​​។ ក្រុមអ្នក វិទ្យា​សាស្ត្រសង្ឃឹមថា ការណ៍នេះ​នឹ​ង​នាំឱ្យមានសកម្មភាព អភិរក្សរួមគ្នា និងសម្របសម្រួលបន្ថែមទៀត រួម​ទាំង​ការផ្ស​ព្វផ្សា​យកា​ន់​តែផុសផុល ដល់សហគមន៍ដែលរស់នៅតាម ដងទន្លេសាបនិងទន្លេមេគង្គ។ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោ​ក​ស្រី​​ ហាញ់ ង្វៀន នាយិការង​នៃទីភ្នាក់​ងារស​ហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និង លោ​កបណ្ឌិត ហ្សេប ហូហ្គេន ប្រធានដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែល​ផ្ត​ល់​មូ​ល​និ​ធិដោយ USAID បានចូលរួមជាអធិបតីក្នុងពីធីព្រលែងត្រី នៅជិតព្រះបរមរាជវាំង ក្នុ​ង​រា​ជ​ធា​នី​ភ្នំពេញ។ អ្នកស្រី ចេង មួយឆេង ជាកសិករដែលចិញ្ចឹមត្រីរា​ជដែលនឹង​ត្រូវយ​កទៅព្រ​លែង​ក៏មា​នវ​ត្ត​មា​ន​នៅក្នុង ពិធីព្រលែងត្រីនេះដែរ។ ត្រី​​រាជ ដែលនឹងត្រូវព្រលែងមានទម្ងន់ប្រហែល៤៥ ទៅ ៥​០​គីឡូក្រាម និងមានប្រវែងជាង១.៦ម៉ែត្រ។ ក្នុងចំណោមត្រីដែលត្រូវបានលែងរួមមាន ត្រី​គ​ល់​រាំ​ង ដែលជាប្រភេទ ត្រីរងគ្រោះជិតផុតពូជ ដែលត្រូវបានគេស្គាល់ថាជា “មច្ឆានិ​ម្មិតរូប​នៃព្រះ​រា​​ជាណា​ចក្រកម្ពុជា”​ និង ត្រីប្រាធំ ជាត្រីធ្វើចរាចរផ្លាស់ទីឆ្ងាយបំផុតមួយ ហើយក៏​ជាអា​ហា​រសំ​ខា​ន់ក្នុងតំបន់ ប៉ុន្តែចំនួនរបស់ពួកវា មានការថយចុះយ៉ាងខ្លាំង​ និងបច្ចុប្បន្ន​នេះត្រូវគេ​ចាត់​ទុក​ថា​ជាប្រភេទត្រីរងគ្រោះ​ជិត​ផុត​ពូជ។ លោកស្រី ង្វៀន បានលើកឡើងថា «វាជាការចាំ​បាច់ណាស់ដែលយើ​ងធ្វើកា​ររួ​មគ្នា​ដើម្បី​ថែ​រ​ក្សា​ និង អភិរក្សប្រភេទត្រីសំខាន់ៗ ចំពោះអេកូឡូស៊ី និងរងគ្រោះជិតផុតពូជ ដូចជាត្រីរាជ ដើ​ម្បី​​រក្សា សុខុមាលភាពទន្លេមេគង្គ។ កិច្ចការនេះនឹងអភិរក្សប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ដើ​ម្បី​ជួ​យ​ដ​ល់សហគមន៍ សត្វព្រៃ និងសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា»។ លោកបណ្ឌិត ហូហ្គេន បានមានប្រសាសន៍ថា «បន្ថែមពីលើការអភិរក្សត្រីទាំងនេះ ស្រប​ពេល​នេះ​នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារត្រីធម្មជាតិ និងជម្រករបស់វា នេះស​ប​ញ្ជា​ក់​ពី​កា​រ​រួ​មចំណែកយ៉ាង សំខាន់ ដល់ការបន្តពូជពង្សរបស់សត្វទាំងនេះនៅក្នុងធម្មជាតិ»។ ត្រី​រាជបាន​បាត់វត្តមាន​អស់​ពី​ទន្លេនានា ​លើកលែងតែប្រទេស​កម្ពុជា។ សព្វថ្ងៃនេះ ប្រទេ​ស​ក្នុ​ង​តំបន់អាស៊ីអាគ្នេយ៍​ត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយថាកំពុងរក្សាក្តីសង្ឃឹម ដ៏មុត​មាំ​បំផុត សម្រាប់ការបន្តវត្តមាន និងការកើតឡើងវិញ នៃប្រភេទសត្វនានា និងត្រីយ​ក្ស​ទ​ន្លេ​មេ​គង្គដទៃ ទៀតដូចជា ត្រីគល់រាំង ត្រីបបែលយក្ស ត្រីសណ្ដាយ និងត្រីត្រសក់។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈរដ្ឋបាលជលផលកម្ពុជា និងវិ​ទ្យាស្ថា​នស្រា​វ​ជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFReDI) សហការជាមួយ គម្រោងអ​ច្ឆរិ​យភាព​នៃ​ទ​ន្លេ​មេ​គង្គ​ ពាក់ស្លាក និងលែងត្រីជិតផុតពូជជាច្រើនប្រភេទ។ ឯកឧត្តម ហាស់ សារ៉េត​ បាន​លើ​ក​ឡើ​ងថា «យើងសូមលើក ទឹកចិត្តដល់​គោលនយោបា​យដែ​លអា​ចឱ្យ​ធន​ធាន​ដ៏សំ​ខាន់​នេះរី​ក​លូ​តលាស់នៅក្នុងធម្មជាតិ»។ លោកស្រី មួយឆេង ដែលតំណាងឱ្យការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគមន៍មូលដ្ឋាន បា​ន​លើ​កឡើងថា “ខ្ញុំមានសេចក្ដីសប្បាយរីករាយ ដែលគ្រួសាររបស់ខ្ញុំអាចចូលរួមចំណែក ក្នុង​ការ​អភិរក្សត្រីដែលជិតផុតពូជ។ នេះ​ជា​បំណងប្រាថ្នារបស់​ប្តី​ខ្ញុំមុ​នពេ​លដែ​លគា​ត់ចែ​កឋា​ន​ទៅ​ ។ គាត់ចង់​លែង​ត្រី​ទាំង​នេះ​ចូល​ទន្លេ​មេគង្គ​វិញ»៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង