សហរដ្ឋអាម៉េរិក៖ បញ្ហាអាកាសធាតុ​​បង្ក​ការ​ខូច​ខាតជាង ១៦៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២២

បាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានបង្ហាញកាលពីថ្ងៃអង្គារទី ១០ ខែមករាថា ខ្យល់ព្យុះខ្លាំង ភ្លើងឆេះព្រៃ ខ្យល់ព្យុះកំបុតត្បូង គ្រោះរាំងស្ងួត និងព្យុះរដូវរងាដ៏កាចសាហាវមួយបានបណ្តាលឱ្យមានការខូចខាតច្រើនជាង ១៦៥ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន ជាមួយនឹងការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានការកើនឡើងនូវបញ្ហាអាកាសធាតុយ៉ាងធ្ងន់ធ្ងរ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បានបង្ហាញថា អាម៉េរិកបានជួបប្រទះគ្រោះមហន្តរាយអាកាសធាតុ និងធាតុអាកាសដែលមានតម្លៃ ១៨ ពាន់លានដុល្លារ ដែលខុសពីឆ្នាំ ២០២២ ដោយព្យុះ Hurricane ដែលបានបង្កការខូចខាតជិត ១២៣ ពាន់លានដុល្លាររ។ មជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានបរិស្ថាន (NCEI) របស់ NOAA បានបង្ហាញនៅក្នុងរបាយការណ៍នៅចុងឆ្នាំ ២០២២ ថា ស្រដៀងគ្នាទៅនឹងឆ្នាំ ២០១៧ និងឆ្នាំ ២០១១ សម្រាប់គ្រោះមហន្តរាយដែលមានតម្លៃរាប់ពាន់លានដុល្លារប្រចាំឆ្នាំ ខុសពីឆ្នាំ ២០២០ និង២០២១។ លើសពីនេះ NCEI បានប្រកាសថា ការកើនឡើងចំនួននៃព្រឹត្តិការណ៍ធ្ងន់ធ្ងរ បង្ហាញឱ្យឃើញថា សកម្មភាពកម្រិតខ្ពស់បំផុតនៃប៉ុន្មានឆ្នាំថ្មីៗនេះ កំពុងវិវឌ្ឍន៍ក្លាយជារឿងធម្មតា ។ NCEI បានអះអាងបន្ថែមថា ជាមួយនឹងតារាងតម្លៃគ្រោះមហន្តរាយច្រើនជាង ១៦៥ ពាន់លានដុល្លាររនៅឆ្នាំ ២០២២ ជាប់ចំណាត់ថ្នាក់ទីបីនៃការចំណាយសរុបបន្ទាប់ពីឆ្នាំ ២០១៧ (ខ្យល់ព្យុះ Harvey និង Irma) និង ២០០៥ (ព្យុះសង្ឃរា Katrina) ហើយតួលេខនេះអាចកើនឡើងនៅពេលដែលឥទ្ធិពលនៃព្យុះរដូវរងារ បានវាយលុកតំបន់​ភាគ​កណ្តាល និង​ភាគ​ខាង​កើត​សហរដ្ឋ​អាម៉េរិក​កាលពី​ខែ​ធ្នូ។ យ៉ាងណាមិញ របាយការណ៍បានកត់សម្គាល់ថា តួលេខនេះមិនបានឆ្លុះបញ្ចាំងពីការចំណាយសរុបនៃព្រឹត្តិការណ៍អាកាសធាតុ និងធាតុអាកាសរបស់សហរដ្ឋអាម៉េរិកកាលពីឆ្នាំមុននោះទេ មានតែការពាក់ព័ន្ធជាមួយនឹងគ្រោះមហន្តរាយធំៗប៉ុណ្ណោះ ដែលបានបង្កការខូចខាតច្រើនជាង ១ ពាន់លានដុល្លាររ។ លើសពីនេះ ព្រឹត្តិការណ៍គ្រោះមហន្តរាយដែលមានការខាតបង់រាប់ពាន់លានដុល្លាររ មានចំនួនប្រហែល ៨៥ ភាគរយនៃការខូចខាតសរុបពីព្រឹត្តិការណ៍អាកាសធាតុ និងធាតុអាកាសរបស់សហរដ្ឋអាម៉េរិកដែលបានកត់ត្រាក្នុងឆ្នាំ ២០២២ ។ ព្យុះកំណាច Hurricane ដែលបានវាយលុករដ្ឋ Florida ក្នុងខែកញ្ញា គឺបានបណ្តាលឱ្យខូចខាត ១២២,៩ ពាន់លានដុល្លាររ និងមនុស្ស ១៥២ នាក់ស្លាប់។ ចំណែកឯរលកកម្តៅ ក្នុងរដូវក្ដៅ និងគ្រោះរាំងស្ងួតដែលគ្របដណ្ដប់តំបន់ធំនៃភាគកណ្តាល និងភាគខាងលិចរបស់សហរដ្ឋអាម៉េរិក គឺបណ្តាលឱ្យមានការខូចខាត ២២,២ ពាន់លានដុល្លាររ និងមនុស្សស្លាប់ ១៣៦ នាក់ ហើយធ្វើឱ្យអាងស្តុកទឹកធំៗដូចជា Lake Mead ស្ទើរតែរីងស្ងួត។ គ្រោះមហន្តរាយអាកាសធាតុ និងធាតុអាកាសផ្សេងទៀត រួមមានភ្លើងឆេះព្រៃនៅភាគខាងលិចសហរដ្ឋអាម៉េរិក និងអាឡាស្កា ក៏ដូចជាការជន់លិចនៅរដ្ឋ Missouri និងរដ្ឋ Kentucky ដោយខ្យល់ព្យុះកំបុតត្បូងនៅទូទាំងភាគខាងត្បូង និងភាគអាគ្នេយ៍សហរដ្ឋអាម៉េរិក និងព្យុះរដូវរងាខែធ្នូថ្មីៗនេះជាដើម។ មជ្ឈមណ្ឌលជាតិសម្រាប់ព័ត៌មានបរិស្ថាន បានបង្ហើបប្រាប់ថា ចំនួននៃការចំណាយ និងថ្លៃដើមនៃគ្រោះមហន្តរាយអាកាសធាតុ និងធាតុអាកាសកំពុងកើនឡើង ដោយសារតែកត្តាមួយចំនួន រួមទាំងការកើនឡើងនៃការតាំងទីលំនៅនៅក្នុងតំបន់ដែលងាយរងគ្រោះ ដូចជាឆ្នេរសមុទ្រ និងតំបន់ទំនាបទន្លេ។ មិនត្រឹមតែប៉ុណ្ណោះ NCEI បន្ថែមថា ៖«ការប្រែប្រួលអាកាសធាតុក៏កំពុងកើនឡើងប្រេកង់ខ្ពស់ និងអាំងតង់ស៊ីតេនៃប្រភេទអាកាសធាតុធ្ងន់ធ្ងរមួយចំនួន ដែលនាំទៅរកគ្រោះមហន្តរាយដែលមានតម្លៃរាប់ពាន់លានដុល្លាររ»។ គួរបញ្ជាក់ថា នេះត្រូវបានកំណត់លក្ខណៈដោយការកើនឡើងភាពងាយរងគ្រោះទៅនឹងគ្រោះរាំងស្ងួត ការអូសបន្លាយរដូវភ្លើងឆេះព្រៃ ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងព្យុះ Hurricane ដែលកាន់តែអាក្រក់ឡើងៗ ដោយការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ។ ជុំវិញបញ្ហានេះ អនុប្រធានក្រុមហ៊ុនសង្កេតភពផែនដីរបស់សហភាពអឺរ៉ុប Copernicus បាននិយាយថា ៖«ឆ្នាំ ២០២២ គឺជាឆ្នាំដែលមានគ្រោះមហន្តរាយអាកាសធាតុនៅទូទាំងទ្វីបអឺរ៉ុប និងទូទាំងពិភពលោក ហើយព្រឹត្ដិការណ៍ទាំងនេះសបញ្ជាក់ឱ្យឃើញថា យើងកំពុងជួបប្រទះនូវផលវិបាកដ៏អាក្រក់នៃពិភពលោកដ៏កក់ក្ដៅរបស់យើង»៕   សម្រួលផ្សាយដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង