អភិបាលខេត្តកំពង់ស្ពឺប្រាប់ឱ្យអាជ្ញាធរនិងមន្ទីរជំនាញត្រៀមលក្ខណៈឱ្យស្រេចដើម្បីសង្គ្រោះពលរដ្ឋចេញពីការលេចលង់ដោយជំនន់ទឹកភ្លៀង

កំពង់ស្ពឺ : ដោយសារតែការប្រែប្រួលនៃអាកាសធាតុធ្វើឱ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា ហើយបង្កឱ្យមានការជន់លិចផ្នែកខ្លះនៃស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺ។ ដោយក្នុងនោះនៅចំណុចភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជំនន់ទឹកភ្លៀងបានបង្កឱ្យជន់លិចកំណាត់ផ្លូវលេខ៤៨-៤ ដែលបានកាត់ផ្ដាច់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋមួយរយៈ។ ដោយសារតែស្ថានភាពនេះនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានដឹកនាំក្រុមការងារនៃមន្ទីរជំនាញធនធានទឹក ឧតុនិយម ចុះពិនិត្យជាក់ស្តែងដើម្បីរកវិធានដោះស្រាយបន្ទាន់ជូនពលរដ្ឋ។នៅកន្លែងជន់លិចនោះលោកបានប្រាប់ឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុកត្រូវចុះបន្ទាន់ទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្បែរនោះ ដើម្បីពិនិត្យមើលពីផលប៉ះពាល់នៃជំនន់នេះ ហើយបើមើលឃើញថាពួកគាត់ងាយប្រឈមនិងគ្រោះថ្នាក់ត្រូវជម្លៀសមកកាន់ទីទួលសុវត្ថិភាពបន្ទាន់ធ្វើយ៉ាងណាបញ្ជៀសឱ្យផុតពីគ្រោះថ្នាក់ជាយថាហេតុ។  ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺលោកក៏បានប្រាប់ទៅមន្ទីរជំនាញធនធានទឹកនិងឧតុនិយមលោក ញ៉ាញ់ ជាបហ៊ង ឱ្យត្រៀមលក្ខណៈជាស្រេចដើម្បីជួយបង្ការនិងទប់ស្កាត់ឱ្យទាន់ពេលវេលានៅពេលដែលពលរដ្ឋរងការលិចលង់។  ទន្ទឹមនឹងនេះអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវប្រើប្រាស់នូវវិធានការសរុប កម្លាំងសរុប ដើម្បីបញ្ជៀសឱ្យបាននៅគ្រោះថ្នាក់ជាយថាហេតុ និងសូមពុកម៉ែ មា មីងបងប្អូន មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីដែលពុកម៉ែមាមីងបងប្អូនត្រូវការសង្គ្រោះ។  ឆ្លើយតបនឹងករណីនេះដែរលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ថាដោយភ្លៀងបានបន្តធ្លាក់ពេញមួយយប់ ស្ថានភាពទឹកនៅតាមអាងស្តុកទឹកមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពគួរព្រួយបារម្ភ ទឹកបានឡើងពេញប្រៀប ហើយមានអាងខ្លះត្រូវបានបង្ខំចិត្តបើកទ្វារទឹកដើម្បីបង្ហូរទឹកចេញពីអាង។ក្នុងនោះទ្វារទឹករលាំងជ្រៃចំនួនបីកន្លែងនិងទ្វារទឹកស្វយ័តនៃអាងស្តុកទឹកអន្លង់ជ្រៃចំនួន៥ត្រូវបានបើករំដោះទឹកចេញផងដែរ។ សូមបញ្ចាក់ផងដែរថាចំពោះទឹកស្ទឹងព្រែកបានហក់ឡើងយ៉ាងគំហុកនៅព្រឹកនេះ តែមិនទាន់ឈានចូលក្នុងកម្រឹតប្រកាសអាសន្ននោះទេ ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង