ពលរដ្ឋមួយគ្រួសារ សម្រេចផ្អាកការសាងសង់ផ្ទះជាបន្ទាន់ ខណៈមានមនុស្សចំនួន៤នាក់បានរបួស

ខេត្តក្រចេះ៖  ប្រជាពលរដ្ឋមួយគ្រួសារស្ថិតនៅក្នុងភូមិសន្សោងធ្លាក់បានសម្រេចផ្អាកការសាងសង់ផ្ទះរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីក្រុមជាងធ្វើការងារខុសបច្ចេកទេស បណ្តាលឱ្យដួលរលំត្រូវមនុស្សចំនួន៤នាក់របួសស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ។ យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈក្រុមជាងកំពុងតែចាប់ផ្ដើមធ្វើការសាងសង់ផ្ទះឱ្យប្រជាពលរដ្ឋ ឈ្មោះ ឈួន ហឿន ដែលមានប្រពន្ឋឈ្មោះ អួន សារ៉ុន នៅចំណុចទីតាំងភូមិសន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសម្បូរ ខេត្តក្រចេះ ស្រាប់តែផ្ទះកំពុងសាងសង់នោះបានដួលរលំទាំងផ្ទាំងមកវិញ បណ្ដាលឱ្យត្រូវរបួសប្រជាពលរដ្ឋដែលទៅជួយសាងសង់ ចំនួន៤នាក់។ ភ្លាមៗនោះម្ចាស់ផ្ទះទាំងពីរនាក់ប្ដីប្រពន្ធបានសម្រេចបញ្ឈប់ការសាងសង់បន្តទៅមុខទៀត។  បើយោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា  មូលហេតុនៃការដួលរលំផ្ទះនោះ អាចបណ្តាលមកពីបញ្ហារបច្ចេកទេសរបស់ក្រុមជាង ដែលប្រើចន្ទុលទប់តិចពេក នៅពេលដែលលើកបញ្ឈរឡើងដើម្បីដាក់រនុក ទើបធ្វើឱ្យដួលធ្លាក់ទាំងផ្ទាំងមកវិញ។ ក្រោយពេលកើតហេតុម្ចាស់ផ្ទះទាំងពីរនាក់ប្ដីប្រពន្ធ បានរុះរើយកគ្រឿងឈើមកទុកដាក់វិញ៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង