ល្បីរឿងចោរសមុទ្ទនៅព្រះសីហនុ ពេលនេះអាជ្ញាធរក្របួចបានហើយ

ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋដែលទៅបោះតង់លេងកម្សាន្តនៅតាមឆ្នេរសមុទ្ទ ខេត្តព្រះសីហនុ តែងរអ៊ូរទាំរឿងមានចោរចូលលួចសម្ភារផ្ទាល់ខ្លួន និងរបស់របរប្រើប្រាស់មួយចំនួន ខណៈដំណឹងចោរសមុទ្ទនេះ បានបែកធ្លាយពីមាត់មួយទៅមាត់មួយ រហូតធ្វើឱ្យអ្នកទេសចរដែលទៅលេងនៅខេត្តព្រះសីហនុមានការខ្លាចរអា…។  ជាក់ស្តែង កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ មានភ្ញៀវទេចរមួយក្រុម បាននាំគ្នាទៅបោះតង់សម្រាកនៅឆ្នេរសមុទ្ទខេត្តព្រះសីហនុ ហើយនៅយប់នោះ ស្រាប់តែមានបុរសម្នាក់ដើរមកវះតង់របស់ពួកគេដេលកំពុងដេកលង់លក់។ ភ្លាមៗ អ្នកទេសចរម្នាក់ បានធ្វើការឃាត់ខ្លួនបុរសជាជនសង្ស័យ ពាក់ព័ន្ធករណីវះតង់ភ្លៀវទេសចរ ស្ថិតនៅកន្លែងកម្សាន្តឆ្នេរជំទាវម៉ៅ ក្បែរដើមឈើចាំស្នេហ៍ ក្នុងស្រុកព្រៃនប់។ បើតាមការឱ្យដឹងពីភ្ញៀវទេសចរខាងលើ បានបញ្ជាក់ប្រាប់ថា ពួកគេបានបាត់ទូរសព្ទដៃចំនួន៣គ្រឿង រួមទាំងសម្ភារមួយចំនួនទៀតលើរថយន្ត និងយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះ ក៏បានឱ្យដឹងបន្ថែមថា កន្លងមក ក៏ធ្លាប់មានភ្ញៀវទេសចរបាត់ទូរសព្ទដៃ ម៉ូតូ អស់ជាច្រើនដងមកហើយដែរ។  ភ្ញៀវទេចរដែលបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុ បានអំពាវនាវ និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច គួរមានវិធានការរឹតបណ្តឹងសន្តិសុខ សុវត្ថិភាពសាធារណៈឱ្យបានល្អប្រសើរជាងនេះ សម្រាប់ខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចលើវិស័យទេសចរណ៍ ដ៏ធំមួយរបស់ប្រទេស និងការពារសុវត្ថិភាពជូនពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីបង្កើនទំនុកចិត្តឱ្យពួកគេមកលេងម្ដងហើយ មានបំណងចង់មកលេងម្ដងទៀត។ ប៉ុន្តែ បើទីក្រុងអស្ថិរភាព ចោរកម្មកើតឡើងច្រើនបែបនេះ តើអ្នកទេសចរណាគេនឹងចង់មកលេងកម្សាន្តបន្តទៀតនោះ..? ដូច្នេះ មន្ត្រីអាជ្ញាធរក្រុងព្រះសីហនុ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ គួរគិតគូរឱ្យបានខ្ពស់លើករណីខាងលើនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន បុរសជនសង្ស័យខាងលើ និងម៉ូតូធ្វើសកម្មភាពមួយគ្រឿង ត្រូវបានបញ្ជូនទៅសមត្ថកិច្ចប៉ុស្តិ៍បិតត្រាំង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់…៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង