ឆ្នាំ ២០២២ បាតុភូតរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ១២០ នាក់ ថយចុះជាងឆ្នាំមុន

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី ១០ មករា​នេះ​ថា នៅ​ឆ្នាំ ២០២២ បាតុភូត​រន្ទះបាញ់ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​ប្រមាណ​ជាង ១២០ នាក់ និង​ងាប់​គោក្របី ៩០ ក្បាល មាន​ការ​ថយចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២១ កន្លងទៅ។ លោក​បាន​បន្ត​ថា ឆ្នាំ ២០២២ រន្ទះបាញ់ បាន​កើត​ឡើង​ចំនួន ១១០ លើក បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ​សម្បែង ២៣ ខ្នង ស្លាប់​មនុស្ស ៦៣ នាក់ និង​រង​របួស ៥៨ នាក់ ព្រមទាំង​ងាប់​គោក្របី ៩០ ក្បាល។ លោក​បាន​បន្ត​ទៀត​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០២១ កន្លងទៅ ឃើញ​ថា មាន​ការ​ថយ​ចុះ ខណៈ​ឆ្នាំមុន​រន្ទះបាញ់​បាន​កើត​ឡើង​ចំនួន ១១៨ ខូចខាត​ផ្ទះ ១៤ ខ្នង បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៨៣ នាក់ រង​របួស ៥០ នាក់ និង​ងាប់​គោក្របី ៥៧ ក្បាល។  លោក សុទ្ធ គឹមកុលមុនី បាន​បន្ថែម​ថា ក្នុង​ការ​ទប់ស្កាត់​បញ្ហា​រន្ទះបាញ់​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គ្រោង​នឹង​រៀបចំ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នៅ​តាម​តំបន់​ប្រឈម​មួយ​ចំនួន​ដែល​តែងតែ​កើតមាន​នូវ​បាតុភូត​រន្ទះ​ញឹកញាប់ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មនុស្ស​សត្វ​រង​របួស​ស្លាប់​ជា​បន្ត​ទៀត ពិសេស​បំពាក់​នៅ​ខេត្ត​ចំនួន ៣ មុនគេ ដែល​មាន​ករណី​រងគ្រោះ​ច្រើន​ជាង​គេ​រួមមាន ខេត្ត​សៀមរាប ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង។ ប៉ុន្តែ​មុននឹង​ឈាន​ទៅ​បំពាក់​ឧបករណ៍​ការពារ​រន្ទះ​នេះ គណៈកម្មការ​ជាតិ​គ្រោះ​មហន្តរាយ ត្រូវ​រៀបចំ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់ ពិសេស​ស្វែងរក​ថវិកា​ពី​ដៃគូ ក៏ដូចជា​ស្នើសុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ទិញ​ឧបករណ៍​ទាំងនោះ។ លោក​បាន​បន្ថែម​ទៀត​ថា មុន​នឹង​បំពាក់​ឧបករណ៍​ការពារ​រន្ទះបាញ់​នេះ ក្រុមការងារ​គណៈកម្មការ​ជាតិ​គ្រោះ​មហន្តរាយ នឹង​ចុះ​ទៅ​សិក្សា​នៅ​ខេត្ត​ប្រឈម​ខ្ពស់​ទាំងនោះ​ជាមុន​សិន ដើម្បី​ពិនិត្យ​មើល និង​វាយតម្លៃ​ពី​តម្រូវការ​ជាក់ស្ដែង ដើម្បី​ធ្វើ​របាយការណ៍​ជូន​ថ្នាក់ដឹកនាំ​សម្រាប់​អនុម័ត​បន្ត៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង