បញ្ជូនខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ ទៅតុលាការ ពាក់ព័ន្ធអំពើហិង្សាលើប្រពន្ធ ប្អូនថ្លៃ និងក្មួយ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការ បើកការស៊ើបសួរតាមនីតិវិធី ដើម្បីឈានទៅរកការចោទប្រកាន់តាមច្បាប់ ពាក់ព័ន្ធនឹងបទល្មើសប្រើហិង្សាលើក្រុមគ្រួសារ…។ មន្ត្រីយោធាពាក់ផ្កាយ២ មានឈ្មោះ អឿង ប៉ុលភិវឌ្ឍន៍ បច្ចុប្បន្នធ្វើការនៅនាយកដ្ឋានសរុប ក្រសួងការពារជាតិ។ មន្ត្រីរូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តអំពើហិង្សាលើប្រពន្ធ ប្អូនថ្លៃស្រី និងក្មួយស្រី ស្ថិតនៅផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធនីភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់ បានរៀបរាប់ថា ពួកគាត់តែងតែទទួលរងការវាយដំអស់រយៈពេល៧ ទៅ៨ឆ្នាំហើយ តែជនរងគ្រោះ ចេះតែទ្រាំមិនប្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែនៅយប់កើតហេតុ មន្ត្រីយោធាដែលជាប្ដី បានរករឿងគាត់ ប្អូនថ្លៃ និងក្មួយតាំងពីយប់រហូតទល់ភ្លឺ ទើបគាត់មិនអាចទ្រាំបានតទៅទៀត រួមនឹងមានការភ័យខ្លាចគ្រោះថ្នាក់ដល់អាយុជីវិតផងនោះ ក្រុមជនរងគ្រោះ ក៏បានប្តឹងទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យមកជួយអន្តរាគមន៍។ ភ្លាមៗ កម្លាំងកងរាជអាវុធហត្ថ បានមកនាំខ្លួនបុរសជាប្ដីយកទៅសួរនាំ និងក្រោយមកបានមកឆែកយកកាំភ្លើងវែង២ដើម និងបង់ជាច្រើនផងដែរ។ មន្ត្រីយោធាពាក់ផ្កាយ២រូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្តន្ទារទោសទៅតាមផ្លូវច្បាប់។ ជាមួយគ្នានេះ ជនរងគ្រោះ ក៏បានស្នើដល់កម្លាំងកងរាជអាវុធហត្ថ និងតុលាការ មេត្តារកយុត្តិធម៌ ដល់ពួកគាត់ជាជនរងគ្រោះផងដែរ…៕ សម្រួលដោយ ទៀង បុណ្ណរី