សម្ដេចតេជោ ហ៊ុន សែន៖ មានតែអ្នកស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងថា ជ័យជម្នះ ៧ មករា បានផ្តល់កំណើតទីពីរដល់ប្រជាជនកម្ពុជា បើគ្មានជ័យជម្នះ ៧មករា គឺគ្មានកម្ពុជានៅថ្ងៃនេះទេ។ នេះ ជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ គឺមានតែអ្នក ស្រឡាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧មករា។ ក្នុងពិធីមីទ្ទីងរម្លឹកខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧ ០១ ១៩៧៩ -០៧ ០១ ២០២៣) ដែលមានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅខាមុខសាលមហោស្រពកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជ័យជម្នះ ៧មករា បានបញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត និងបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដោយបានសង្គ្រោះអាយុជីវិតប្រជាជនរាប់លាននាក់ពីគ្រោះមរណៈបាននាំយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត ជាពិសេស សិទ្ធិនៃការរស់រានមានជីវិត បានធ្វើឱ្យរាល់តម្លៃខាងស្មារតី និងសម្ភាររបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពូនជ្រុំនៅក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះបានរស់ឡើងវិញ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្ដថា ពេលនេះយើងបានឈានចូលឆ្នាំ២០២៣ហើយ ដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ។ សម្ដេចតេជោបន្ដទៀតថា នៅក្នុងឆ្នាំ២០២២ ដែលទើបតែកន្លងផុតទៅនេះ កម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុង និងត្រូវទទួលរងឥទ្ធិពល ពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្តី។ ទន្ទឹមនេះ សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខដែលជាមូល ដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយ កម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។ ពាក្យស្លោក “អរគុណសន្តិភាព អរគុណ នយោបាយឈ្នះ ឈ្នះ» បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លារស់រវើក នៅក្នុងដំណើរកសាង និងការពារមាតុភូមិ។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «បើយើងរក្សាសន្តិភាពមិនបាន យើងពិតជាមិនអាចទទួលសមិទ្ធផល គ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ។ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៨-១៩ ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាង ខ្លាំងក្នុងឆ្នាំ២០២០-២០២១ បានទទួលជោគជ័យ តាមរយៈការដឹកនាំដ៏ត្រឹមត្រូវ ការអនុវត្តយុទ្ធសាស្ត្រ និង វិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាព និងការចូលរួមដ៏សកម្មរបស់ប្រជាជន ដែលបានពង្រឹង ខឿនការពារសុខភាពរបស់ប្រជាជន ធានាដល់ដំណើរការស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ- ១៩»។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា វិស័យសេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់ ដោយសារការខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជា បន្តបន្ទាប់។ លើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៥ភាគរយ ក្នុងឆ្នាំ ២០២២ និងត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ៦,៦ភាគរយ នៅឆ្នាំ២០២៣។ ព្រមជាមួយនេះ ជីវភាព ប្រជាជនរក្សាបានភាពនឹងន ជាពិសេសប្រជាជនក្រីក្រ និងងាយរងគ្រោះដែលរងឥទ្ធិពលខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រួមទាំងប្រជាជនងាយរងហានិភ័យពីសម្ពាធនៃការឡើងថ្លៃទំនិញជាសាកល និងប្រជាជនរងគ្រោះដោយទឹកជំនន់ តាមរយៈការអនុវត្តកម្មវិធី និងវិធានការអន្តរាគមន៍សង្គមកិច្ចនានាបានទាន់ពេល។ សម្ដេចតេជោបានលើកឡើងថា នៅឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធន និវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ។ ដោយឡែក ប្រាក់ឈ្នួល អប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារធ្វើដំណើរ ក៏ត្រូវបាន ដំឡើងដល់ ២០០ដុល្លារ រួមទាំងការបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល។ សម្ដេចតេជោបានគូសបញ្ជាក់បន្ថែមថា ដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សរបស់កម្ពុជា កំពុងបន្តទៅមុខតាមគន្លងនីតិរដ្ឋ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ជាមួយគ្នានេះ គ្រប់កិច្ចការ និងសកម្មភាពរបស់គណបក្សនយោបាយនានា ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ក៏កំពុងប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ។ ទន្ទឹមនឹងសមិទ្ធផលខាងលើ កិត្យានុភាពកម្ពុជាកាន់តែបានលើកកម្ពស់ឡើងលើឆាកអន្តរជាតិ ពិសេសឆ្លងតាមជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ក្នុងឋានៈជាប្រធានប្តូរវេនរបស់អាស៊ាន ការប្រព្រឹត្តទៅនៃមហាសន្និបាតអន្តរសភាអាស៊ាន (APA) នៅរាជធានីភ្នំពេញ ការចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុបនៅប្រទេសបែលហ្ស៊ិក និងការប្រជុំអាស៊ាន-សហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង