ស្រីលង្កានឹងចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មឡើងវិញជាមួយឥណ្ឌា ចិន និងថៃ

ស្រីលង្កានឹងចាប់ផ្តើមការចរចាឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ចិន និងថៃ បន្ទាប់ពីបានផ្អាករយៈពេលបួនឆ្នាំ នេះបើតាមមន្ត្រីម្នាក់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ទី ៥ ខែមករា ខណៈដែលប្រទេសដែលរងគ្រោះដោយវិបត្តិមួយនេះកំពុងស្តារកិច្ចព្រមព្រៀងដើម្បីជួយប្រទេសនេះកសាងសេដ្ឋកិច្ចឡើងវិញ។ កោះដែលមានប្រជាជនចំនួន ២២ លាននាក់មួយនេះ កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ ទសវត្សរ៍ ដែលបង្កឡើងដោយកង្វះខាតយ៉ាងខ្លាំងនៃការផ្លាស់ប្ដូររូបិយបណ្ណបរទេស ដែលបានធ្វើឱ្យប្រទេសនេះជួបការលំបាកក្នុងការចំណាយថ្លៃប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យ។ លោក K.J. Weerasinghe ប្រធានអ្នកចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសស្រីលង្កា បានឱ្យដឹងថា ក្រុមមន្ត្រីមកពីប្រទេសថៃ គ្រោងនឹងទៅដល់ប្រទេសស្រីលង្កានៅថ្ងៃចន្ទទី ៩ ខែមករា ដើម្បីចាប់ផ្តើមកិច្ចចរចាជុំទីបី បន្ទាប់ពីកិច្ចចរចាត្រូវបានផ្អាកនៅក្នុងឆ្នាំ ២០១៨។ ការចរចាជាមួយឥណ្ឌា និងចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសស្រីលង្កាដែលមានទឹកប្រាក់ប្រហែល ៥ ពាន់លានដុល្លារអាម៉េរិកក្នុងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅក្នុងខែកុម្ភៈ និងខែមីនា។ លោក Weerasinghe បានប្រាប់សារព័ត៌មានរ៉យទ័រថា៖«ការផ្តោតសំខាន់គឺលើការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទាក់ទាញការវិនិយោគ ដែលជាកត្តាសំខាន់សម្រាប់ប្រទេសស្រីលង្កាក្នុងការងើបឡើងសម្រាប់វិបត្តិសេដ្ឋកិច្ចនេះ។ គោលដៅចម្បងរបស់ខ្ញុំគឺធ្វើឱ្យកិច្ចព្រមព្រៀងទាំងអស់នេះត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២៣ ឬដើមឆ្នាំ ២០២៤»។ ជុំវិញបញ្ហានេះ លោកស្រី Auramon Supthaweethum អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ បាននិយាយថា ការពិភាក្សាត្រូវបានពន្យារពេល ដោយសារតែវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា និងជំងឺរាតត្បាតកូវីដ ១៩។ លោកស្រីបានបន្តថា យើងកំពុងធ្វើដំណើរទៅទីនោះ ដើម្បីបន្តការពិភាក្សា។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសថៃ និងស្រីលង្កា មានចំនួនសរុបប្រហែល ៤៦០ លានដុល្លារក្នុងឆ្នាំ ២០២១ នេះបើយោងតាមទិន្នន័យធនាគារកណ្តាលរបស់ប្រទេសស្រីលង្កា។ស្រីលង្កាមានបំណងធ្វើឱ្យស៊ីជម្រៅនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅកាត់ថា FTA ដែលមានស្រាប់ជាមួយប្រទេសឥណ្ឌាទៅក្នុងកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងបច្ចេកវិទ្យា បន្ទាប់ពីកិច្ចពិភាក្សាបានជាប់គាំងនៅក្នុងឆ្នាំ ២០១៨ ។ ប្រទេសនេះក៏កំពុងសម្លឹងមើលការបន្ថែមសេវាកម្ម និងការវិនិយោគទៅក្នុងកិច្ចព្រមព្រៀងបច្ចុប្បន្នដែលគ្របដណ្ដប់លើពាណិជ្ជកម្មទំនិញជាចម្បង។ លោក Weerasinghe បាននិយាយថា ការពិភាក្សា FTA ជាមួយប្រទេសចិន ដែលជាប្រទេសផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏ធំបំផុតរបស់កោះនេះ ក៏បានជាប់គាំងនៅក្នុងឆ្នាំ ២០១៨ ជុំវិញការខ្វែងគំនិតគ្នាអំពីល្បឿននៃការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា។ លោក បានបន្ថែមថា ប្រទេសទាំងពីរបានឆ្លើយតបជាវិជ្ជមានចំពោះការបន្តកិច្ចចរចា ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ។ គួរបញ្ជាក់ថា ធនាគារកណ្តាលស្រីលង្កា បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ៨,៧ ភាគរយនៅក្នុងឆ្នាំ ២០២២ ប៉ុន្តែការងើបឡើងវិញត្រូវបានរំពឹងទុកនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ ។ ប្រទេសនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមមួយសម្រាប់កញ្ចប់ថវិកាសង្គ្រោះចំនួន ២,៩ ពាន់លានដុល្លារអាម៉េរិកជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែកញ្ញាឆ្នាំមុន៕ 

អត្ថបទដែលជាប់ទាក់ទង