កម្ពុជានាំចេញកសិផលមានបរិមាណសរុប ជាង៨លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផល និងផលិតផលកែច្នៃចេញពីកសិកម្ម ប្រមាណ ៨,២ លានតោន ក្នុងរយៈពេល១១ខែឆ្នាំ២០២២ ទៅកាន់ទីផ្សារអន្តរជាតិ មានដូចជាទីផ្សារប្រទេសចិន អឺរ៉ុប និងអាស៊ី។ របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា បានបង្ហាញថា ការនាំចេញកសិកផលទៅកាន់ប្រទេសចិន មានបរិមាណសរុប ៦៨៩ ៧០២តោន និងទីផ្សារអឺរ៉ុប ១៨៦ ៨៩៧ តោន និងទីផ្សារអាស៊ី ៤,២លានតោន។ កសិផលសំខាន់ នាំចេញទៅទីផ្សារប្រទេសចិន មានដូចជា គ្រាប់ស្វាយចន្ទីឆៅ ម្រេច ថ្នាំជក់ គ្រាប់ស្វាយចន្ទីកែច្នៃ គ្រាប់ពោត កាកសំណល់ដំឡូងមី ដំណាប់ស្វាយ ចំណិតដំឡូងមី ផ្លែស្វាយស្រស់ ម្សៅដំឡូងមី អង្ករ និងផ្លែចេកស្រស់។ ចំណែកទីផ្សារអឺរ៉ុប កម្ពុជា នាំចេញកសិផលដូចជា គ្រាប់ស្វាយចន្ទីកែច្នៃ ថ្នាំជក់ បន្លែចំរុះ ដំណាប់ស្វាយ ម្រេច ម្សៅដំឡូងមី អង្ករ ជាដើម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមហិច្ឆិតាខ្ពស់ ពង្រឹងឧត្តមភាពសម្រាប់ការប្រកួតប្រជែង និងមានយុទ្ធសាស្ត្រជំរុញការនាំចេញផលិតផលដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា នៅថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២៣ នេះ ចំពោះទីផ្សារនាំចេញ ក្រសួងក៏មានទស្សនទានជាយុទ្ធសាស្ត្រ គឺជំរុញការនាំចេញផលិតផលដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ឬហៅថា ផលិតផលគន្លឹះ ឬផលិតផលប្រណិត។ កម្ពុជាមិនអាច មិនត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្តាថ្លៃដើមខ្ពស់ ទាំងក្នុងការផលិត និងដឹកជញ្ជូន។ ឯកឧត្តម បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម ត្រូវទទួលបន្ទុករៀបចំប្រព័ន្ធផលិតកម្មកសិកម្មមួយដែលមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ និងគុណភាព, នោះគឺជាប្រព័ន្ធផលិតកម្មដែលមានការចូលរួមសហការ និងអនុវត្តរួមគ្នាពីគ្រប់តួអង្គទាំងអស់ ដោយមានយន្តការគ្រប់គ្រង និងសម្របសម្រួលច្បាស់លាស់ ហើយតាមរយៈនេះ រដ្ឋនឹងដើរតួនាទីច្រើនជាងមុន ដើម្បីផ្ដល់ការគាំទ្រ និងសម្របសម្រួល សំដៅអនុវត្តផែនការផលិតកម្មម៉ត់ចត់ ដែលឆ្លើយតបទៅនឹងទីផ្សារ ៕ សម្រួលដោយ ទៀង បុណ្ណរី