ព័ត៌មានជាតិរស់នៅជាមួយគ្នា៣ឆ្នាំដូចប្ដីប្រពន្ធ ខាងប្រុសលួចមានស្រីផ្សេងមកលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់
បន្ទាប់ពីស៊ើបដឹងថា បុរសដែលខ្លួនស្រឡាញ់រស់នៅជាមួយគ្នារយៈពេល៣ឆ្នាំមកហើយដូចជាប្ដីប្រពន្ធទៅហើយនោះ បែរជាលួចទៅមានស្រីថ្មីនោះ ធ្វើឲ្យខូចចិត្តគិតអ្វីមិនចេញក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វារ ប៉ុន្តែការលោតទឹកនោះមិនបានសម្រេចឡើយដោយសារត្រូវបានគេជួយស្រង់នាងទាន់ពេលបន្ទាប់ពីនាងងើបសន្លប់បាត់ស្មារតីវិញ។
ហេតុការណ៍នោះបានកើតឡើងនៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ បង្កឱ្យមាន ការភ្ញាក់ផ្អើលដល់អ្នកដំណើរ ចោមរោមមើលនៅវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។
នារី ដែល ប៉ុនប៉ងធ្វើអត្តឃាតខ្លួនដោយប្រើវិធីលោតទឹកសម្លាប់ខ្លួនតែមិនស្លាប់នោះបានប្រាប់ថាខ្លួនមានឈ្មោះ ណា អាយុ២៣ឆ្នាំ ស្នាក់នៅម្តុំវត្តសន្សំកុសល ភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្សារឈ្មោះ ពិសី អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅជាមួយគ្នាដូចប្តីប្រពន្ធ។
នារីរូបនោះបានបន្តថា ខ្លួននឹងសង្សារ គឺស្រឡាញ់គ្នារយៈពេល៣ឆ្នាំមកហើយតែមិនបានរៀបការ នោះទេ ដោយរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ហើយមួយរយៈចុងក្រោយនេះ សសង្សារបស់នាង ចេះតែពោលពាក្យដោយសុំនាងចែកផ្លូវគ្នា ដោយលើកហេតុផលថា គ្រួសារគេមិនពេញចិត្តនឹងនាង តែតាមការពិត គឺសង្សារនាងបានលួចទាក់ទងជាមួយស្រីផ្សេងទៀត ហើយនាងតាមទាន់ទើបធ្វើឲ្យនាងតូចចិត្តគិតអ្វីមិនចេញ ក៏សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារនេះតែម្តងដោយ បន្សល់ទុកនូវស្បែកជើងប៉ាត់តាមួយគូ និងកាបូបស្ពាយមួយ នៅលើស្ពានជ្រោយចង្វារជាភ័ស្តុតាងផងដែរ។
ជនរងគ្រោះបន្តថា ពេលដែលនាងលោតពីលើស្ពាននោះនាងសន្លប់បាត់ស្មារតី ទៅហើយ ពេល ដឹងខ្លួនឡើងវិញ គឺនាងនៅមាត់ច្រាំងទន្លេក្បែរផ្ទះប្រជាពលរដ្ឋ នៅជិតកន្លែងនោះទៅហើយ ដោយ នាង មិនដឹងថា អ្នកណាជាអ្នកជួយនាងទេ តែមានគេប្រាប់ថា នាងមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជាអ្នកជួយនាងទើបធ្វើឲ្យការប៉ុនប៉ងបញ្ចប់ជីវិតរបស់នាងមិនបានសម្រេច។
បន្ទាប់ពីកើតហេតុ អ្នកជិតខាងក៏បានសួរនាំនាងដឹងពីហេតុផលរួចក៏បានទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលនាងយកទៅផ្ទះសម្បែងវិញដោយបានណែនាំនាងកុំឲ្យចង់គិតខ្លីបែបនេះតទៅទៀតត្រូវរៀនតស៊ូរស់នៅក្នុងជីវិតឱ្យបានល្អ៕