ជីវិតថ្លៃណាស់ពលករខ្មែរ៤នាក់ ត្រូវរថភ្លើងបុកអូសរាប់សិប​ម៉ែត្រ​ ខណៈកំពុងជិះរថយន្តទៅធ្វើការ

ពលករខ្មែរចំនួន៤នាក់ មានសំណាងបំផុត ខណ:កំពុងជិះរថយន្តទៅធ្វើការងារត្រូវរថភ្លើងបុកពេញទំហឹង និងអូសរាប់សិបម៉ែត្រ ពេលរថយន្តឆ្លងចូលចំណុចប្រសព្វ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវឆ្លងកាត់មួយកន្លែង ខាងមុខវត្តលុងផាណារ៉ាម ក្នុងស្រុកមឿង ខេត្តសមុទ្រសាខន ប្រទេសថៃ។យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានរថយន្តម៉ាកតូយូតា មួយគ្រឿង បានបើកបរឆ្លងកាត់កំណាត់ផ្លូវខ្វែងជាមួយផ្លូវរថភ្លើង ដើម្បីដឹកពលករខ្មែរទៅធ្វើការកសាងនៅវត្តលុងផា​ណារ៉ាម ស្របពេលដែលរថភ្លើង ខ្សែមហាឆៃ លេខ៤៣៤១ បានមកដល់ល្មម ហើយក៏បានបុកចំពាក់កណ្តាលតួរថយន្ត និងបានអូសទៅមុខរាប់សិបម៉ែត្រទើបឈប់។ ភ្លាមៗនោះដែរក្រោយពីសមត្ថកិច្ចចុះពិនិត្យ គឺពុំមាននរណាម្នាក់រងរបួសឡើយ នេះជាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ។ ដោយអ្នកបើកបររថយន្តឈ្មោះ សារ៉ាត់ សាគុណ ភេទប្រុស អាយុ៣៧ឆ្នាំ បាននិយាយថា ផ្លូវនេះកន្លងមកគេក៏ធ្លាប់បើកឆ្លងកាត់ដែរ តែនៅពេលនោះមានភ្នាក់ងារអយស្ម័យយាន ឈរអោយសញ្ញាពេលរថភ្លើងមកដល់ តែពេលនេះមិនឃើញមានអ្នកណាអោយសញ្ញាទើបគេគិតថា គ្មានរថភ្លើងឆ្លងកាត់ឡើយក៏បានបើកឆ្លងជាធម្មតា ក៏ត្រូវរថភ្លើងបុកតែម្តង គឺពេលនោះលោកហាក់គ្មានព្រលឹងក្នុងខ្លួនឡើយ។ ក្រោយការពិនិត្យគឺនៅកន្លែងឆ្លងកាត់ មានការដាក់ស្លាកសញ្ញាបញ្ជាក់ថា ត្រូវប្រុងប្រយ័ត្នរថភ្លើងឆ្លងកាត់ និងមានប៉ាយបញ្ជាក់ថា អយស្ម័យយានប្រទេសថៃ ផ្អាកការដាក់ភ្នាក់ងារពីថ្ងៃទី១ ខែកញ្ញា តទៅ ដូច្នេះសូមអ្នកធ្វើដំណើរមេត្តាប្រុងប្រយ័ត្ន ពេលរថភ្លើងឆ្លងកាត់។ ដោយការផ្អាកនេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាខេត្ត និងតាមទីជនបទ ដោយឡែកតំបន់ឆ្លងកាត់ធំៗ គឺមានភ្លើងសញ្ញា និងរនាំងស្វ័យប្រវត្តិដដែល ដែលនេះជាបញ្ហាយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ នៅតាមតំបន់ដាច់ស្រយ៉ាល និងតាមទីជនបទ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង