ព្រោះតែខឹងប្រើក្មេងទៅទិញថ្នាំញៀនមិនបាន ខ្មាន់កាំភ្លើងពីរនាក់ផ្ទុះអាវុ.ធ២គ្រាប់ បង្ក​របួស​ធ្ងន់-ស្រាល៦នាក់

រាជធានីភ្នំពេញ៖ ជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់ បានផ្ទុះកំហឹង និងបានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ បណ្តាលឱ្យមនុស្ស៦នាក់រងរបួសធ្ងន់-ស្រាល ព្រោះតែខឹងក្មេងៗទាំងនោះ មិនទៅទិញថ្នាំញៀនឱ្យខ្លួនសេព…។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាល​ពីវេ​លាម៉ោង៩យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​ បានឱ្យដឹងថា មុនពេលកើតហេតុ មានជនសង្ស័យជាខ្មាន់​កាំភ្លើង​ពីរ​នា​ក់​ បានបាញ់១គ្រាប់បណ្តាលឱ្យត្រូវក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ ចំភ្លៅនៃជើងម្ខាងបៀមក្បាលគ្រាប់ជាប់ ពេលនោះ​ជនរង​គ្រោះ ​​បានដើរមកផ្ទះដោយមិនបានប្រាប់ឪពុកម្ដាយ និងបងប្អូននោះទេ ដោយទៅសំងំឆ្កឹះក្បាលគ្រាប់ដែល​ជាប់នៅនឹង​ភ្លៅ​ដោយខ្លួនឯង តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញ ក៏បានធ្វើការសួរនាំ ស្រាប់តែជនរងគ្រោះ​បានប្រាប់ថា ​មានជន​មិន​ស្គា​ល់​មុខពីរនាក់បាញ់ប្រហារមកលើរូបគាត់ ដោយមិនប្រាប់ពីមូលហេតុ។ បន្ទាប់មកក៏មានការភ្ញាក់​ផ្អើលដល់ប្រ​​ជា​ពលរដ្ឋ​រស់នៅចំណុចទីតាំងកើតហេតុខាងលើផងដែរ។ ប្រភពពីស្ត្រីម្នាក់ដែលត្រូវជាម្ដាយក្មេងប្រុសអាយុ១៨ឆ្នាំម្នាក់ទៀត បានឱ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើ​ង​ទាំងពីរនាក់នោះ​ ​ធ្វើដំណើរដោយថ្មើរជើង បានមកប្រើកូនប្រុសរបស់នាង ឱ្យទៅទិញថ្នាំញៀនឱ្យពួកគេ តែកូននាងមិនព្រមទៅ ពេល​​នោះ​ជនសង្ស័យជាខ្មាន់កាំភ្លើង ផ្ទុះកំហឹង ក៏បានវាយកូនក្បាលប្រុសរបស់ស្ត្រីរូបនោះ២-៣ដៃ ទើបកូនប្រុសនាង វាយតបតទៅលើ​ជន​ស​ង្ស័យជាខ្មាន់កាំភ្លើងនោះវិញ។ ភ្លាមៗ ជនសង្ស័យបានដកកាំភ្លើងបាញ់ភ្ជុចដី១គ្រាប់ បណ្ដាលឱ្យក្បាលគ្រាប់ផ្លាតទៅត្រូវក្មេងប្រុស-ស្រី៥នាក់ ទៀតរងរបួសធ្ងន់ស្រាល។ ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់ រួចបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការភ្លាម​ៗ ពេលនោះប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះជាច្រើននាក់បានមកដល់ប៉ុស្តិ៍នគរបាលដែរ ដើម្បីដាក់ពាក្យបណ្តឹង។ បច្ចុប្បន្ន ជន​សង្ស័យ​ជា​ខ្មាន់កាំភ្លើងទាំងពីរ កំពុងត្រូវសមត្ថកិច្ចសួរនាំ និងចាត់ការបន្តទៅតាមនីតិវិធីច្បាប់…៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង