អគ្គលេខាធិការព្រឹទ្ធសភា អំពាវនាវនិស្សិតសិក្សានៅណូវែលសេឡង់ បង្ហាញសក្ដានុពលកម្ពុជា ដើម្បីទាក់ទាញទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាការព្រឹទ្ធសភាជាតិ បានអំពាវនាវទៅសិស្សនិស្សិត ដែល បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសណូវែលសេឡង់ បង្ហាញពីសក្ដានុពលនានា របស់ កម្ពុជា ទៅកាន់បរទេស ដើម្បីឲ្យពួកគេមកទេសចរណ៍កម្សាន្ត នៅក្នុងប្រទេសកម្ពុជា ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ នូវែលសេឡង់ មានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ សារឹទ្ធ បានបង្ហាញនូវការកោតសរសើរ ចំពោះសិស្សនិស្សិតជាប់អាហារូបករណ៍ ទាំងអស់នេះ ដែលទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋាន ក្នុងការអភិវឌ្ឍខ្លួនផង និងប្រទេសជាតិ ហើយជាងនេះទៀត គឺជាការរួមចំណែកក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរកម្ពុជា និងប្រទេសនូវែលសេឡង់ផងដែរ ។ ឯកឧត្តមបន្តថា រឿងមួយដែលនិស្សិតចាំបាច់ធ្វើ គឺត្រូវគោរពច្បាប់ប្រទេស ច្បាប់សាលា ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរ ក្នុងនាមជាកូនខ្មែរ ឲ្យក្រុមនិស្សិតដែលមកពី បណ្តាប្រទេសនានាបានឃើញ ត្រូវសម្របខ្លួនរៀនរស់នៅ រៀនទំនាក់ទំនងជាមួយនឹងពលរដ្ឋ ខ្មែរ ដែលរស់នៅក្នុងប្រទេសណូវែលសេឡង់ និងនិស្សិតផ្សេងៗទៀត កំពុងសិក្សានៅទីនោះ ស្រាប់ ព្រមទាំងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗ របស់ប្រទេសកម្ពុជានាពេល បច្ចុប្បន្ន ដើម្បីទាក់ទាញឲ្យពួកគាត់មកធ្វើទេសចរណ៍នៅប្រទេសកម្ពុជា ។ ឯកឧត្តមអគ្គលេខាធិការ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ទោះជាត្រូវទៅសិក្សានៅសាលា ផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សហការគ្នា ទំនាក់ទំនងគ្នា និងចេះជួយយក អាសារគ្នាទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរយើងពោលថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ ។ គួរបញ្ជាក់ថា អាហារូបករណ៍របស់រាជរដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ គឺត្រូវបាគ្រប់គ្រង និងចាត់ចែងដោយក្រសួងការបរទេស និងពាណិជ្ជកម្ម (MFAT) នូវែលសេឡង់ ដើម្បី ជួយគាំទ្រដល់និស្សិតទូទាំងពិភពលោក ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយសិស្សនិស្សិតអន្តរជាតិប្រហែល ១០០០នាក់ ត្រូវបានជ្រើសរើស ឲ្យមកធ្វើការសិក្សានៅក្នុងប្រទេសនូវែលសេឡង់ ជារៀងរាល់ឆ្នាំ ដោយសិស្សនិស្សិតភាគច្រើន មកពីតំបន់ប៉ាស៊ីហ្វិក អាស៊ី អាហ្រ្វីក អាមេរិកឡាទីន និងតំបន់ការីប៊ីន ៕ សម្រួលដោយ ទៀង បុណ្ណរី