បណ្ឌិត យ៉ង សាំងកុមារ កំពុងរៀបចំនីតិវិធី និងគោលការណ៍ ដើម្បីកសាងឃុំកសិកម្មគំរូចំនួន ១០

លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និងជាអនុប្រធា​នក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានប្រកាសអំពីគម្រោងកសាងឃុំកសិកម្មគំរូចំនួន ១០។ កាលពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ម្សិលមិញ លោកបណ្ឌិត យ៉ង សាំងកុមារ បានជួបប្រជុំជាមួយក្រុមជំនួយការចំនួន ៤រូបរបស់លោក ដើម្បីបែងចែកការងារ និងការទទួលខុសត្រូវ ជាពិសេសផ្តោតលើការកសាងឃុំកសិកម្មគំរូចំនួន ១០ឃុំ ជូនសង្គមជាតិ។លោករដ្ឋលេខាធិការក្រសួងកសិកម្ម យ៉ង សាំងកុមារ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា «យើងត្រូវការរើសអ្នកជំនាញ សម្របសម្រួលការអភិវឌ្ឍកសិកម្ម ១០នាក់ ដើម្បីចូលរួមបេសកកម្មកសិកម្ម ២០២៣នេះ»។ លោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា លោក កំពុងរៀបចំនីតិវិធី និងគោលការណ៍មួយចំនួន ពាក់ព័ន្ធនឹងការបង្កើតឃុំកសិកម្មគំរូនេះ ហើយនៅពេលរៀបចំរួចលោកនឹងបញ្ជាក់លម្អិត។ លោកថា «យើងកំពុងរៀបចំនូវនីតិវិធី និងគោលការណ៍មួយចំនួន ចាំមើលតិចទៀត បានលម្អិតជូនថែមបានណា៎»។ លោកបណ្ឌិត យ៉ង សាំងកុមារ ធ្លាប់បង្ហោះឲ្យដឹងកាលពីពេលថ្មីៗនេះថា ការរៀបចំឲ្យមានឃុំឈានមុខគេចំនួន ១០នេះ គឺធ្វើឡើងតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២ លោកបណ្ឌិត យ៉ង សាំងកុមារ ត្រូវបានប្រកាសចូលកាន់មុខតំណែងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រៅពីតំណែងរដ្ឋលេខាធិការ លោកបណ្ឌិត ក៏ត្រូវព្រះមហាក្សត្រ តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធា​នក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ផងដែរ។ ក្រោយទទួលបានតំណែងទាំងនេះ លោកបណ្ឌិត យ៉ង សាំងកុមារ បានប្តេជ្ញាចិត្តនឹងធ្វើខ្លួនជាមន្រ្តីល្អទាំងសមត្ថភាព សកម្មភាព និងសុចរិតភាព ក្នុងការធ្វើការបម្រើកសិករ និងប្រជាពលរដ្ឋ។ បន្ទាប់ពីទទួលបានតំណែងភ្លាម លោកបណ្ឌិត យ៉ង សាំងកុមារ បានអមដំណើរចុះបំពេញបេសកកម្មជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតាមបណ្ដាខេត្តមួយចំនួន ដើម្បីសិក្សាស្វែងយល់អំពីវិស័យកសិកម្ម នៅខេត្តទាំងនោះ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង