ព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នឹងធ្វើនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសុំភ្លើង «ព្រះអគ្គីកីឡា» នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ ដែលជាពេលវេលាដ៏ល្អ ព្រះអាទិត្យរះចំពីលើកណ្តាលកំពូលប្រាសាទ ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដោយយោងតាមកិច្ចប្រជុំគណៈអចិន្ត្រយ៍ គណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែងក្រោយកិច្ចប្រជុំថា កិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡានេះ ត្រូវបានធ្វើឡើងច្រើនមកហើយ ប៉ុន្តែក្នុងកិច្ចប្រជុំថ្ងៃអង្គារនេះ គឺយើងយកចិត្តទុកដាក់បន្ថែម និងបានពិភាក្សាលម្អិតឱ្យកាន់តែច្បាស់លាស់ លើការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា ខណៈពេលវេលាកាន់តែខិតជិតមកដល់។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែមថា «ការរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡានេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២១ ខែមីនាគឺចំពេលដែលព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តរបស់យើង អ៊ីចឹងយើងបានកំណត់ច្បាស់លាស់ ក្នុងការរៀបចំ ដោយលិខិត និងឯកសារនានា ដែលសម្របសម្រួល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពក្នុងការស្នើសុំព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រទាននូវភ្លើងព្រះអគ្គីកីឡានេះ»។ «ការយកភ្លើងអាទិទេពមកធ្វើជាភ្លើងគប់បែបនេះ គឺកម្ពុជាមានលំនាំដូចគ្នានឹងការទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦ ដែលមានការរៀបចំយកភ្លើងអាទិទេពពីប្រាសាទអង្គរវត្តមកដែរ។ នេះជារបៀបរបបប្រពៃណី និងតាមគន្លងកីឡារបស់យើង ក្នុងប្រវត្តិសាស្ត្រយើងដែរ»។ ឯកឧត្តមអគ្គលេខាធិការបានសង្កត់ធ្ងន់។ តាមគម្រោង បន្ទាប់ពីព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅខេត្តសៀមរាប នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ គឺការរត់ភ្លើងគប់ នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ដោយចាប់ផ្តើមចេញពីខេត្តសៀមរាប រួចបន្តទៅកាន់បណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមផែនការលម្អិតច្បាស់លាស់របស់ CAMSOC។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា នឹងរៀបចំការរត់ភ្លើងគប់ នៅវង់តូចអង្គរ ១ជុំ ហើយថែរក្សាភ្លើងគប់នេះ ហោះហើរទៅកាន់ប្រទេសហ្វីលីពីន ដែលជាប្រទេសរៀបចំពិធីរត់ភ្លើងគប់ និងបណ្តាប្រទេសផ្សេងៗទៀតទាំងអស់ក្នុងអាស៊ីអាគ្នេយ៍។ ចុងក្រោយរត់នៅប្រទេសឡាវ មុនពេលរត់ភ្លើងគប់នេះ នៅជុំវិញបឹងទន្លេសាប រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣តែម្តង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕ សម្រួលដោយ ទៀង បុណ្ណរី