អភិបាលខេត្តកណ្ដាលដាក់ចេញវិធានការ៧​ចំណុច​​ទប់ស្កាត់ហានិភ័យលើអាជីវកម្មទូកដចម្លង

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់ចេញវិធានការចំនួន៧ចំណុចដើម្បីទប់ស្កាត់ហានិភ័យទៅលើ​អាជីវ​កម្មទូក ដ ចម្លងដែលមានមូលដ្ឋាននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ ការដាក់ចេញវិធានការទាំងនេះធ្វើឡើងបន្ទាប់ពីពិនិត្យឃើញថា ការប្រកបអាជីវកម្មកំពង់ចម្លងក្នុងខេត្តកណ្ដាល មិនទាន់អនុវត្ដបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកចម្លងឱ្យបានល្អប្រសើរនៅឡើយទេ ហើយកន្លងមកបានបណ្តាលឱ្យស្លាប់អាយុជីវិតមនុស្សផងដែរ។ នៅក្នុងសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅរសៀលថ្ងៃទី០៣មករា នេះ លោក អភិបាលខេត្តបានមានប្រសាសន៍​ថា ចាប់ពីពេលនេះតទៅ រាល់ការប្រកបអាជីវកម្មកំពង់ចម្លងទាំងអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវមានការឯកភាពពីរដ្ឋបាលខេត្ត និងមានការវាយតម្លៃផ្នែកហិរញ្ញវត្ថុពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ព្រោះថា កន្លងមករដ្ឋបាលខេត្តបានពិនិត្យឃើញថា ការប្រកបអាជីវកម្មសេវាកម្មកំពង់ចម្លងមិនទាន់អនុវត្តបានពេញលេញតាមលក្ខណៈបច្ចេកទេសទូកដចម្លងឱ្យបានប្រសើរនៅឡើយ។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុករណីលិចទូកដរចម្លងមួយគ្រឿងនៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ដែលបង្កឱ្យបាត់បង់ជីវិតសិស្សសាលាចំនួន​១២នាក់ ក្នុងឧប្បត្តិហេតុនោះបណ្ដាលមកពីទូកដរចម្លងនេះពុំបានអនុវត្តតាមគោលការណ៍សុវត្ថិភាពឱ្យបានត្រឹមត្រូវ។ លោកអភិបាលខេត្តបានបន្តថា ដោយមើលឃើញពីចំណុចខ្វះខាតទាំងនេះ និងក្នុងគោលបំណងធានាបាននូវសុខសុវត្ថិភាពជូនអ្នកដំណើររដ្ឋបាលខេត្តសូមធ្វើការណែនាំដល់ម្ចាស់អាជីវកម្មកំពង់ចម្លងទាំងអស់កំពុងប្រកបអាជីកម្មនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលត្រូវអនុវត្តវិធានការ៧ចំណុចដូចជា៖                                                                                                  ទី១ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ទូកឱប។                                                      ទី២ គ្រប់អាជីវកម្មកំពង់ចម្លងទាំងអស់ត្រូវប្រើប្រាស់ទូកដែកដែលមានទំហំ និងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លង។                                                                                                                        ទី៣ ត្រូវមានប្រជាការពារម្នាក់ប្រចាំការណ៍តាមកំពង់ចម្លងដើម្បីជួយសម្រួលសុវត្ថិភាពអ្នកដំណើរ។                     ទី៤ ត្រូវដាក់ស្លាកណែនាំសុវត្ថិភាពជូនអ្នកដំណើរឱ្យយល់ដឹងនៅពេលធ្វើដំណើរឆ្លង។                                  ទី៥ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកពោងសុវត្ថិភាពភ្លើងបំភ្លឺខ្សែពួរអាវពោងកំណល់។                              ទី ៦ អ្នកបើកបរទូកចម្លងត្រូវមានប័ណ្ណបើកបរ។                                                                       និងទី ៧ ត្រូវរៀបចំផ្លូវឡើងចុះនិងផែឱ្យបានល្អប្រសើរស្របតាមលក្ខណៈបច្ចេកទេស។លោកអភិបាលខេត្តបានបន្ថែមថា ចំពោះអាជីវកម្មកំពង់ចម្លងដែលកំពុងប្រើប្រាស់ទូកឱបត្រូវតែធ្វើការផ្លាស់ប្ដូរមកប្រើប្រាស់​​ទូកដែកដែលមានទំហំ និងខ្នាតស្របតាមលក្ខណៈបច្ចេកទេសទូកចម្លងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ។ ក្នុងនោះផងដែររដ្ឋបាលខេត្តស្នើដល់គ្រប់ស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុងស្រុករដ្ឋបាលឃុំសង្កាត់ចូលរួមសហការ និងអនុវត្តសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងករណីមិនអនុវត្តតាមការណែនាំខាងលើរដ្ឋបាលខេត្តកណ្ដាលនឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្មចម្លងជាដាច់ខាត៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង