ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹង និងចៀសផុតពីទង្វើខុសច្បាប់ដើម្បីអនាគតភ្លឺថ្លាសមនឹងពាក្យស្លោក ទំពាំងស្នងប្ញស្សីយុវជនប្រុសស្រីស្នងជាតិ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តាជំរុញឱ្យ ក្មួយៗសិស្សានុសិស្សខិតខំក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូ-អ្នកគ្រូ ឱ្យបានជ្រៅជ្រះ ដើម្បីអនាគតដ៏ភ្លឺថ្លាត្រចះត្រចង់ នាពេលអនាគត សមនឹងពាក្យស្លោក ទំពាំងស្នងប្ញស្សី យុវជនប្រុសស្រីស្នងជាតិ ។ សូមឱ្យក្មួយៗប្រុងប្រយ័ត្ន គេចឱ្យឆ្ងាយពីសកម្មភាពមិនគប្បី និង ឥទ្ធិពលអវិជ្ជ មានទាំងឡាយ ដែលបានកើតមានក្នុងសង្គម ដូចជា ការលេងល្បែងស៊ីសង ការប្រព្រឹត្តអំពើពាលាអាវាសែ ការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តបទល្មើសផ្សេងៗ ក្មេងទំនើង បងតូចបងធំ និងទង្វើខុសច្បាប់ផ្សេងៗ ។ ឯកឧត្តមបានជំរុញបែបនេះ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២- ២០២៣ និងចែករង្វាន់ដល់សិស្សពូកែ សម្រាប់ក្របខ័ណ្ឌអប់រំទូទាំងរាជធានីភ្នំពេញ ជាង៤០០០នាក់ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានីវត្តភ្នំ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០២ មករា ឆ្នាំ២០២៣។ ឯកឧត្តម បានមានប្រសាសន៍ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលក្នុងសម័យកាលនោះ បានបើកបវេសនកាលឱ្យសិស្សានុសិស្ស បានចូលរៀនសូត្រឡើងវិញ សម្រាប់ឆ្នាំសិក្សា១៩៧៩- ១៩៨០ ជាលើកដំបូង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៧៩ នៅរាជធានីភ្នំពេញ ហើយចាប់តាំងពីពេលនោះមក រហូតដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី តែងតែណែនាំដល់ក្រសួងជំនាញ និងរដ្ឋបាលរាជធានី-ខេត្ត ឱ្យរៀបចំពិធីបើកបវេសនកាលជារៀងរាល់ឆ្នាំ ដោយហេតុថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ដឹងយ៉ាងច្បាស់អំពីតម្លៃនៃការអប់រំ និងបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ដូចបានកំណត់នៅក្នុងកម្មវិធីនយោបា យ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានធាតុចូលចាំបាច់បំផុតចំនួន ៤ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រកបដោយនិរន្តរភាព នោះគឺ “មនុស្ស ទឹក ផ្លូវ និងភ្លើង”។ ឯកឧត្តម ឃួង ស្រេង បានបន្តថា ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣នេះ បានប្រព្រឹត្តទៅជាប្រក្រតី និងជាបវេសនកាលឆ្នាំទី២ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញលេញឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី ចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ។ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺផ្តើមចេញអំពីការដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានា ប្រកបដោយប្រសិទ្ធភាព របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទន្ទឹមគ្នាទៅនឹងការដាក់ចេញនូវ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ស្របតាម “អភិក្រមផ្ការីក” ទាំងដួសមូលដ្ឋាន និងដូសជំរុញ ចាក់ជូនប្រជាពលរដ្ឋពោលគឺ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជា លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ និងក្រុមគ្រួសារ ពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដ។ បន្ថែមលើនេះ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខ ក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ ទាំងលើទិដ្ឋភាពនយោបាយ ការទូត សេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ ។ ទន្ទឹមគ្នាទៅនឹងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ និង ក្មួយៗសិស្សានុសិស្សទាំងអស់ ក្នុងការទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ នៃបណ្តាប្រទេសជាមិត្ត អញ្ជើញមកចូលរួមកិច្ចប្រជុំនៅរាជធានីភ្នំពេញ ដែលនេះពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលនៃ “សន្តិភាព” និងអ្វីដែលជា “កម្ពុជាពិត” ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺសុះសាយទៅក្នុងតំបន់ និងពិភពលោក ។ ស័ក្តិសមបំផុតទៅនឹងការទទួលបានពានរង្វាន់ “សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក ” ដែលវិទ្យាស្ថានយុទ្ធសាស្ត្រ សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានប្រគល់ជូនសម្តេច កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាយើងនឹងត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះររៀបចំការប្រកួត កីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ និងព្រឹត្តិការណ៍ថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ស៊ីហ្គេម លើកទី៣២ ដែលសុទ្ធសឹងតែជាមុខមាត់ ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ហើយរាជធានីភ្នំពេញ គឺជាមូលដ្ឋានដ៏សំខាន់ ក្នុងការរៀបចំព្រឹត្តិការណ៍ទាំងនេះ ។ ដូច្នេះថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក៏ដូចជាគណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវត្រៀមលក្ខណៈ ខិតខំហ្វឹកហាត់ ដណ្ដើមជ័យលាភី និងចូលរួមអនុវត្តកិច្ចការទាំងឡាយ ដើម្បីគាំទ្រព្រឹត្តិការណ៍ទាំងអស់នេះ ឱ្យប្រព្រឹត្តទៅ ដោយរលូន និងទទួលបានជោគជ័យ នៅគ្រប់ដំណាក់កាលទាំងអស់ ៕ សម្រួលដោយ ទៀង បុណ្ណរី