ពលរដ្ឋស្រុកចិត្របុរីព្រួយបារម្ភចំពោះសុវត្ថិភាពស្ពានយោលមួយ ដែលមានសភាពទ្រុឌទ្រោមខ្លាំង
ខេត្តក្រចេះ៖ ប្រជាពលរដ្ឋនៅស្រុកចិត្របុរី បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ស្ពានយោលមួយកន្លែង ស្ថិតនៅឃុំថ្មអណ្ដើក ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដែលបានរងការបាក់ស្រុត និងខូចខាតជាបន្តបន្ទាប់ ដោយសារការដឹកផ្ទុកលើសទម្ងន់…។ ជាក់ស្តែង កាលពីថ្មីៗនេះ មានករណីដាច់កាបស្ពានជាច្រើនលើកច្រើនសា បណ្ដាលឱ្យគោយន្តកន្ត្រៃចំនួន២គ្រឿងដឹកឈើដឹកស្រូវ និងរ៉ឺម៉កដឹកគោ បានរអិលធ្លាក់កង់ជាប់នៅលើស្ពាន ពលរដ្ឋថា នេះជាការព្រួយបារម្ភមួយ ដែលតែងតែកើតឡើងនៅលើស្ពាន មួយនេះ។ ការបាក់ស្រុតជាបន្តបន្ទាប់ បានកើតឡើងចំពោះមធ្យោបាយដឹកស្រូវ និងដឹកឈើ ឬរ៉ឺម៉កដឹកទំនិញ ដែលជាក្ដីព្រួយបារម្ភ ប្រសិនបើស្ថានភាពបែបនេះ មិនមានការទប់ស្កាត់ចំពោះការដឹកជញ្ជូន ដឹកលើសទម្ងន់ទេ ថ្ងៃមុខអាចនឹងមានការប្រឈមគ្រោះថ្នាក់។ ប្រជាពលរដ្ឋបានស្នើសុំទៅដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចូលរួមរិះរកមធ្យោបាយទប់ស្កាត់ ក្នុងការដឹកជញ្ជូនឆ្លងកាត់ដែលមានការផ្ទុកលើសទម្ងន់កំណត់ និងសំណូមពរឱ្យមានការជួសជុលឡើងវិញ ដើម្បីប្រើប្រាស់បណ្ដោះអាសន្ន ជៀសវាងកុំឱ្យមានបញ្ហាគ្រោះថ្នាក់ជាយថាហេតុនៅពេលខាងមុខ៕សម្រួលដោយ ទៀង បុណ្ណរី