ចុះរុះរើអគារកាស៊ីណូភ្លើងឆេះនៅប៉ោយប៉ែត កន្លះថ្ងៃដំបូងអាជ្ញាធររកឃើញ៧កេសដែកសម្រាប់ដាក់លុយ
ខេត្តបន្ទាយមានជ័យ៖ អគារកាស៊ីណូហ្គ្រេនដាយអឺមេន ស៊ីធី ដែលត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់នោះ ពេលនេះអាជ្ញាធរ និងក្រុមហ៊ុនបានសម្រេចចិត្តបើកប្រតិបត្តិការរុះរើហើយ ខណៈថ្ងៃដំបូង ក្រុមហ៊ុនម៉ៅការរុះរើ បានរកឃើញកេសដែកដាក់លុយចំនួន៧ ស្ទើរមិនគួរឱ្យជឿ…។ លោក លី សារី និងលោក ង៉ោ ម៉េងជ្រួនអភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, កងកម្លាំងចម្រុះទាំងបី រួមជាមួយក្រុមហ៊ុនម៉ៅការរុះរើ និងម្ចាស់ក្រុមហ៊ុនកាស៊ីណូ បានពិនិត្យទីតាំងកាស៊ីណូផ្ទាល់ ដើម្បីធ្វើការរុះរើសំណង់អគារ ដែលរងការខូចខាត ដោយអគ្គិភ័យកាលពីយប់ថ្ងៃទី២៨ធ្នូ ឆ្នាំ២០២២កន្លងទៅ។ លោក លី សារី បានឱ្យដឹងថា៖ ក្រោយត្រូវអគ្គិភ័យឆាបឆេះ អគារកាស៊ីណូហ្គ្រេនដាយអឺមេន ស៊ីធី នៅក្រុងប៉ោយប៉ែត រយៈពេល២យប់ គឺចាប់ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២២ ទើបអាជ្ញាធរគ្រប់គ្រងស្ថានការបាន ខណៈកម្លាំងចម្រុះកម្ពុជា-ថៃ បានចុះអន្តរាគមន៍ និងជួយសង្គ្រោះអ្នករងរបួសធ្ងន់-ស្រាលចំនួន៥៧នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះប្រទេសថៃ៤៦នាក់ និងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត១១នាក់ និងបានបន្តរុករកអ្នកបាត់ខ្លួនក្នុងអគារកាស៊ីណូរយៈពេល២ថ្ងៃដូចគ្នា គឺចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២២ ដោយបានបិទបញ្ចប់នៅយប់ថ្ងៃទី៣០ និងរកឃើញអ្នកស្លាប់ចំនួន២៦សព ក្នុងនោះសពដែលមិនស្គាល់អត្តសញ្ញាមានចំនួន៦សព ឆេះអស់៤អគារខូចខាតទាំងស្រុងអស់៣អគារ។ចំណែក លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ឱ្យដឹងជាថ្មីម្ដងទៀតថា អគ្គិភ័យ បានឆាបឆេះអគារកាស៊ីណូអស់៤អគារ ខូចខាតទាំងស្រុង៣អគារ មាន២អគារជារបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី និង១អគារជារបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត។ អាជ្ញាធរ និងភាគីពាក់ព័ន្ធខាងលើ បានសម្រេចគ្នា ឱ្យមានការរុះរើអគារកស៊ីណូដែលត្រូវភ្លើងឆេះនោះ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ដើម្បីបង្ការកុំឱ្យអគារកាស៊ីណូប៉ោយប៉ែតរីសត ដែលកំពុងមានសភាពទ្រុឌទ្រោមដោយសារភ្លើង និងរកកល់រលំទៅហើយនោះ ឱ្យក្រុមហ៊ុនម៉ៅការរុះរើចុះធ្វើការងារទាញទម្លាក់សំណង់អគារដែលភ្លើងបានឆេះឱ្យធ្លាក់ចុះមកក្រោម។ លោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា ពេលនេះ ក្រុមហ៊ុនម៉ៅការរុះរើ បានបែងចែកជា២ក្រុមដោយ១ក្រុមផ្នែករុះរើអគារសំណង់អគ្គិភ័យឆាបឆេះ និង២ក្រុមដឹកជញ្ជូនកាកសំណល់បន្សល់ពីអគ្គិភ័យឆាបឆេះ។ មកដល់ពេលនេះ អាជ្ញាធរ និងក្រុមអ្នកជំនាញពាក់ព័ន្ធទាំងអស់ បានបាំងស័ង្កសីហ៊ុមព័ទ្ធបរិវេណជុំវិញអគារ និងបានបិទផ្លូវចាប់ពីរង្វង់មូលព្រះនរាយណ៍ ដល់ផ្លូវច្រកឆ្លងព្រំដែនកម្ពុជា-ថៃ ដោយមិនអនុញ្ញាតឱ្យមានមនុស្សដើរឆ្លងកាត់ ឬទៅក្បែរនោះឡើយ ដើម្បីការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ។បើយោងតាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចប្រចាំការនៅទីនោះ បានឱ្យដឹងថា ការរុករករយៈពេលត្រឹមកន្លះថ្ងៃទី០២ មករា អាជ្ញាធរបានរកឃើញកេសដែកធំៗចំនួន៧កេស ដែលបានដាក់លុយ និងទ្រព្យសម្បត្តិផ្សេងៗរបស់អគារកាស៊ីណូនៅផ្នែកខាងជើងផ្លូវ និងនៅអគារកាស៊ីណូផ្នែកខាងត្បូងផ្លូវរបស់ក្រុមហ៊ុនកាស៊ីណូហ្គ្រេនដាយអឹមេនស៊ីធី មិនទាន់បានរុះរើនៅឡើយ…៕សម្រួលដោយ ទៀង បុណ្ណរី