សូមពុកម៉ែបងប្អូនប្រុងប្រយ័ត្នជាពិសេសនៅតំបន់សមុទ្ទអាចនឹងមានភ្លៀង-ខ្យល់បក់ខ្លាំង រយៈពេល៣ថ្ងៃ
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន ជាពិសេស អ្នកនៅតំបន់សមុទ្ទ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ក្រសួងបានអះអាងថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលដូចតទៅ៖ «ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្ម ពីភាគខាងក្រោមនៃសមុទ្ទចិនខាងត្បូង។ ចំណែក ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យម»។ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២១ ទៅ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨ទៅ៣០អង្សាសេ។ រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៨ទៅ២១អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨ទៅ៣០អង្សាសេ ហើយតំបន់ទាំង២នេះ នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ។ដោយឡែក នៅតំបន់មាត់សមុទ្ទ មានសីតុណ្ហភាពអប្បបរមាពី២២ទៅ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៩ទៅ៣០អង្សាសេ។ នៅថ្ងៃទី៥-៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើដែរ តែបន្ថែមពីនោះក៏អាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្ទវិញ ក៏នឹងកើតមានរលកសមុទ្ទ ពីមធ្យមទៅបង្គួរផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី