ស្រុកវាលវែង នឹងទទួលបានសាលាបឋមសិក្សាចំនួនមួយអាគារ ដែលនឹងសម្រួលដល់ការសិក្សារបស់កុមារ
ពោធិ៍សាត់៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញធ្វើទស្សនកិច្ច នៅសាលាបឋមសិក្សាកៀនជង្រុក ស្ថិតនៅភូមិកៀនជង្រុក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២។ អគ្គបណ្ឌិតសភាចារ្យ បានជួបសំណេះសំណាលជាមួយនឹងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងបានប្រកាសផ្តល់នូវអំណោយអាគារសិក្សាចំនួន១ ខ្នង ចំនួន៦បន្ទប់, បន្ទប់ទឹកចំនួន១ខ្នង (មាន៥បន្ទប់), ទីចាត់ការ, ដងទង់ជាតិថ្មី, ក្លោងទ្វារសាលា និងរបងព័ទ្ធជុំវិញ ព្រមជាមួយនឹងថវិកាមួយចំនួន ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីជួយដោះស្រាយតម្រូវការចាំបាច់ក្នុងការផ្តល់លទ្ធភាពឱ្យកុមារា កុមារី ក៏ដូចជា លោកគ្រូ និងអ្នកគ្រូ មានអគារសិក្សាសមរម្យ ក្នុងបុព្វហេតុនៃការកសាងធនធានមនុស្ស ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ជូនដែរថា ឃុំអូរសោម មានសាលាបឋមសិក្សាចំនួន ៣។ ដោយឡែក សាលាបឋមសិក្សាកៀនជង្រុកនេះ មានគ្រូសរុបចំនួន៥នាក់ ស្រី៣នាក់ ដែលមានសិស្សសរុប ១៧៦នាក់ (ស្រី៧៦នាក់) និងមានសិស្សមត្តេយ្យចំនួន ៣០នាក់ (ស្រី១៣ នាក់)។ យ៉ាងណាមិញ ឃុំអូរសោម ជាតំបន់អេកូទេសចរដ៏ល្បីមួយ ស្ថិតក្នុងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋ សរុបចំនួន ៤៤៣៥ នាក់៕ សម្រួលដោយ ទៀង បុណ្ណរី