អភិបាល​រាជធានី ណែ​នាំអោយ​អាជ្ញាធរ​ខណ្ឌ​និង​កម្លាំង​មាន​សមត្ថ​កិច្ចសហការ​គ្នា​បង្កលក្ខណៈ​អោយ​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​ក្នុងឱកាស​ចូលឆ្នាំ​សាកល​

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ទាំង​២​ភេទ សហការគ្នា ពិនិត្យ​ដោះស្រាយ ចំពោះ​ទីតាំង​សប្បាយភាព​នានា នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្កលក្ខណៈ​ជូន​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​ក្នុងឱកាស​ចូលឆ្នាំ​សាកល នា​រាត្រី​ថ្ងៃទី​៣១​ធ្នូ​ស្អែក​នេះ​។ ការណែនាំ​បែបនេះ​របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២​នេះ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។​ លោក​ឃួ​ង ស្រេង បាន​លើកឡើងថា​៖ នៅ​រាត្រី​ថ្ងៃទី​៣១​ធ្នូ បុណ្យចូលឆ្នាំ​សាកល​បានចាប់ផ្តើម ពេលនោះ​ហើយ​ដែល​ប្រជាពលរដ្ឋ​សម្រុកចូល​ទៅលេង​នៅ​កន្លែង​សប្បាយភាព​នានា​។ ដូច្នេះ​ទេ សម្រាប់​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ និង​កម្លាំង​សមត្ថកិច្ច​របស់​ខណ្ឌ កម្លាំង​ស្នងការដ្ឋាន ត្រូវ​ពិនិត្យ​កន្លែង​សប្បាយភាព​ទាំងនេះ ជាមួយនិង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ សន្តិសុខ​និង​សណ្តាប់ធ្នាប់​ធ្នាប់​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅ​ខណ្ឌ ដូនពេញ ចំការមន ជ្រោយចង្វា​និង​ខណ្ឌ​ច្បារអំពៅ​ជាដើម ដែល​ខណ្ឌ​ទាំងនេះ​ជា​ខណ្ឌ​ដែលមាន​ទីតាំង​សប្បាយភាព​ច្រើនជាងគេ ហើយ​ទីតាំង​ទាំងនេះ​តែង​ទទួលរង​នូវ​ការកកស្ទះ​ចរាចរ​ជាច្រើន​ម៉ោង ចាប់ពី​ម៉ោង​ឆ្លង​រាត្រី​ទៅ នា​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​នេះ​។ លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ថា គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​នឹង​បង្កើតអោយមាន​ក្រុម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំនេះ ។ ដូច្នេះ​ទេ មន្ត្រី​និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ត្រូវ​មានមុខ​ប្រចាំការ​និង​បំពេញការងារ​របស់ខ្លួន​។​ក្នុងនាម​ជាម​ន្ត្រី​និង​កម្លាំង​សមត្ថកិច្ច​ត្រូវ​ដឹងខ្លួន​ថា ពេល​មានបុណ្យ​ធំៗ មាន​កន្លែង​សប្បាយភាព យើង​មិនអាច​សប្បាយ​ដូច​ប្រជាពលរដ្ឋ​ទេ យើង​ជា​អ្នកការពារ​ភាពសប្បាយ​ជូន​ប្រជាពលរដ្ឋ​។ បន្ថែម​ពីនេះ​ទៀត លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​អោយ​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់​ផ្សព្វផ្សាយ ដើម្បីអោយ​ប្រជាពលរដ្ឋ​ចូលរួម​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ បង្ក្រាប​គ្រឿងញៀន ក្មេង​ទំនើង និង​ការជួញដូរ​មនុស្ស នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​ លោក​ឧ​ត្ត​ម​សេនីយ៍ សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​អោយដឹង​ដែរ​ថា ប៉ូលីស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ផែនការ​នឹង​ប្រើប្រាស់​កម្លាំង​ប្រមាណ​១០០០​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព និង​ដោះស្រាយ​ចរាចរ បង្កលក្ខណៈ​ជូន​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​ក្នុងឱកាស​ចូលឆ្នាំ​សាកល នា​រាត្រី​ថ្ងៃទី​៣១​ធ្នូ​ស្អែក​នេះ​៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង