សម្ដេចតេជោ ហ៊ុន សែន៖ សន្ដិភាពមានតម្លៃខ្លាំងណាស់ ហើយបើការពារសន្តិភាព​មិនបាន​ទេ កុំនិយាយដល់ការអភិវឌ្ឍឱ្យសោះ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃខ្លាំងណាស់ដែលត្រូវតែការពារឱ្យបាន ហើយបើ​សិន​ជាការពារសន្តិភាពមិនបានទេកុំនិយាយដល់ការអភិវឌ្ឍឱ្យសោះ។ ការគូសបញ្ជាក់​របស់​សម្ដេចតេជោនេះ ក្នុងពិធី​បើកការដ្ឋានស្តារ និងលើក​កម្រិតគុណភាពភាព ផ្លូវជាតិ​លេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរកបាននូវសន្តិភាពរបស់កម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ គឺមិនទាន់មានប្រទេសណាមួយដែលអាចបញ្ចប់សង្រ្គាមដូច​កម្ពុជានោះទេ។ សម្ដេចតេជោបានថ្លែងរម្លឹកទៅដល់ខួប២៤ឆ្នាំ ដែលកម្ពុជាបានបញ្ចប់​សង្រ្គាមក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងឯកភាព​ទឹកដី​ដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងឱ្យដឹងថា បើ​គ្មានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ មីនា ១៩៧០ នោះទេ​មិនដឹង​ជាកម្ពុជាយើងរីកចម្រើនយ៉ាងណាទេក្រោមការដឹកនាំរបស់ព្រះអង្គ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់រំលេចថា​សង្រ្គាមដែលអ្នកជំនាន់មុន​បាន​បង្កើតឡើងពោលគឺ លន់ នល់ ទ្រង់ សិរីមតៈ ចេង ហេង ប៉ុន្តែត្រូវបានអ្នក​ជំនាន់​ក្រោយ​​គឺសម្តេចជាអ្នកដោះស្រាយ។ តែនេះគឺជាកាតព្វកិច្ចរបស់កូន ខ្មែរដែលត្រូវ​ពន្លត់​សង្រ្គាម ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង