Updated ៖ គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ អ្នកស្លា.ប់នៅក្នុងឧបទ្ទវហេតុឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត កើនដល់២៥នាក់
ក្រុងប៉ោយប៉ែត៖ យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ មកដល់ពេលនេះ អាជ្ញាធរបានរកឃើញសពជនរងគ្រោះ ក្នុងឧបទ្ទវហេតុឆេះអគារកាស៊ីណូហ្គ្រេនដាយអឺមេន ស៊ីធី និងអគារប៉ោយប៉ែតរីសតកាស៊ីណូ នៅក្រុងប៉ោយប៉ែត ឃើញបន្ថែមរហូតដល់២៥នាក់ហើយ គិតត្រឹមម៉ោង១២ៈ០០នាទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ខណៈសកម្មភាពរុករកនៅបន្តនៅឡើយ…។ ក្រុមរុករកសពមកពីខាងភាគីថៃ និងក្រុមកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០ និងកម្លាំងអាជ្ញាធរខេត្តទាំងបី ដែលរួមមាន៖ កម្លាំងនគរបាល អាវុធហត្ថ និងយោធា បានបន្តចូលរុករកសព និងជនរងគ្រោះនៅក្នុងអគារកាស៊ីណូទាំងពីរខាងលើ ដោយបានរកឃើញជាបន្តបន្ទាប់ ខណៈការរុករកបានឈានដល់អគារទីជាន់១៣ហើយ។ ដោយឡែក ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មកទល់ពេលនេះ អាជ្ញាធរកំពុងពិនិត្យលើសព ដើម្បីកំណត់អត្តសញ្ញាណ និងធ្វើកោសល្យវិច័យអ្នកស្លាប់ ដោយមន្ត្រីជំនាញបច្ចេកទេសនៃមន្ទីរសុខាភិបាលខ្មែរ-ថៃផងដែរ។ ជាមួយគ្នានោះ សពត្រូវបានតំកល់ជាបណ្តោះអាសន្ននៅវត្តស្រះត្រាច ដោយមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋចូលទៅក្នុងតំបន់វត្តនោះឡើយ ដោយអាជ្ញាធរបញ្ជាក់ថា ដើម្បីបង្កភាពងាយស្រួលដល់មន្ត្រីសុខាភិបាលត្រួតពិនិត្យសព និងធ្វើកោសល្យវិច័យ។ បន្ថែមលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងការសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព ក្នុងការបាត់បង់សមាជិកគ្រួសារនាពេលនេះ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម TNM និងរាយការណ៍ជូនបន្តទៀតនៅពេលក្រោយ…៕ សម្រួលដោយ ទៀង បុណ្ណរី