សម្តេចតេជោ ហ៊ុន សែន សរសើរអភិបាលខេត្តកំពតក្នុងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ និងណែនាំឱ្យអភិបាលខេត្តផ្សេងទៀត ត្រូវយកគំរូតាម
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបានកោតសរសើរដល់អភិបាលខេត្តកំពត និងជាអតីតអភិបាលខេត្តពោធិ៍សាត់ ក្នុងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ និងណែនាំឱ្យអភិបាលរាជធានី-ខេត្តផ្សេងៗទៀត ត្រូវយកគំរូតាម។ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ (ពីបែកគុស ដល់កំពង់ត្រាច) និងផ្លូវជាតិលេខ៣៣ (ពីក្រុងកំពត ដល់ច្រកលក) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បន្ដដោះស្រាយបញ្ហាដីធ្លី និងបញ្ហានានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងឱ្យខេត្តកំពតមានសុវត្ថិភាពបំផុត និងជាខេត្តគ្មាន ជម្លោះដីធ្លី នៅក្រៅប្រព័ន្ធតុលាការ។ សម្ដេចតេជោបន្ដថា លើសពីនេះទៀត ត្រូវដោះស្រាយជូនប្រជាពលរដ្ឋដោយមិនលម្អៀង ទៅខាងភាគីណាមួយឡើយ។ សម្ដេចតេជោបញ្ជាក់ថា៖ «បើសិន អភិបាលខេត្ត គ្រប់ខេត្តធ្វើត្រឹមតែ ឬបានត្រឹម ម៉ៅ ធនិន ខ្ញុំ គិតថា រឿងជម្លោះដីធ្លី នេះវានឹងស្ងប់ឯង ព្រោះវា អត់មានអីច្រើនទេ កន្លែងខ្លះ ម៉ែ និងកូន កន្លែងខ្លះ បងប្អូនឯងសោះ ទាស់គ្នាឡើងតុលាការ។ តែឡើងតុលាការហើយកុំបន្ទោសតុលាការ តុលាការត្រឹមតែកាត់មិនអាចកាត់ស្នើគ្នាទេ គឺកាត់ម្នាក់ចាញ់ ម្នាក់ឈ្នះ។ អីចឹង ខ្ញុំស្នើលើកទឹកចិត្តដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានចាត់ទុកថា ខេត្តកំពត គឺជាខេត្ដកំពុងដើរតួនាទីដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការហើយ។ សម្ដេចតេជោក៏បានណែនាំដល់អភិបាលខេត្ដកំពត ដាក់កម្មវិធីដោះស្រាយជូនពលរដ្ឋ ២ ឬ៣ ថ្ងៃម្ដង ហើយទៅចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ។ លើសពីនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមទៀតថា នៅកម្ពុជាមានប្រជាជនជាង ១៧លាននាក់ តើជម្លោះដីធ្លីមានប៉ុន្មាន គឺមានតិចតួចទេ។ ដូច្នេះ គ្រប់ខេត្តទាំងអស់ ត្រូវធ្វើរឿងខាងលើហ្នឹង ដោយមិនលម្អៀងទៅខាងណាឡើយ ដោយមានការសម្រុះសម្រួលគ្នាផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី