ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន សរសើរក្រុមការងារយុវជនក្រសួង ដែលបំពេញការងារនៅក្រៅប្រទេស ជូនប្រមុខរាជរដ្ឋាភិបាល ប្រកបដោយជោគជ័យ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្តែងនូវការអបអរ និងកោតសរសើរ ដល់ក្រុមការងារយុវជនក្រសួងព័ត៌មាន នៃផែនកិច្ចការនិស្សិត និងប្រព័ន្ធផ្សព្វផ្សាយ ដែលបានបំពេញការងារជូនប្រមុខរាជរដ្ឋាភិបាលនៅក្រៅប្រទេស ប្រកបដោយជោគជ័យ និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងព័ត៌មាន ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ និងទទួលអនុសាសន៍ដើម្បីអនុវត្តការងារបន្ត។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី ពីជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមការងារ ដែលបានចេញទៅបំពេញបេសកកម្មយកព័ត៌មាន និងថតរូប ព្រមទាំងការផ្សាយផ្ទាល់ចេញពីទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក នូវសកម្មភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជាការស្វាគមន៍ដ៏កក់ក្តៅក្នុងការមកដល់កន្លែងស្នាក់នៅរបស់សម្តេច ការសម្តែងមតិគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ និងពិធីសំណេះសំណាលជាមួយបងប្អូនប្រមាណជា ២ ០០០នាក់ នៅទ្វីបអឺរ៉ុប កាលពីពេលថ្មីៗនេះ។ បន្ថែមពីលើនេះ ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ក៏បានសម្តែងការអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែគាំទ្រដល់ក្រុមការងារ ដែលនេះគឺជាការលើកទឹកចិត្តដល់ក្រុមការងារដើម្បីបន្តបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ជូនប្រមុខរាជរដ្ឋាភិបាលនៅក្រៅប្រទេសជាបន្តទៀត។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្រុមការងារត្រូវបន្តអនុវត្តកិច្ចការនេះជាបន្តទៀតដោយយកចិត្តទុកដាក់ និងសាមគ្គីគ្នា ដើម្បីនាំយកនូវជោគជ័យបន្ថែមទៀតជូនដល់ប្រទេសជាតិ ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល៕  សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង