រុស្ស៊ី​បាញ់​មី​ស៊ី​លជាង​១០០​គ្រាប់ចេញ​ពី​អាកាស ​និង​សមុទ្រចូលទៅក្នុងទឹកដីអ៊ុយក្រែន

យោងតាមទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា សំឡេងស៊ីរ៉ែនវាយលុកតាមអាកាសបានបន្លឺឡើងពាសពេញប្រទេសអ៊ុយក្រែន ខណៈដែលរុស្ស៊ីបានបាញ់មីស៊ីលជាង ១០០ គ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៩ ខែធ្នូ ហើយការបំផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងជាច្រើន រួមទាំងរដ្ឋធានីកៀវ។ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មានរ៉យទ័រ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងកៀវ, Zhytomyr និង Odesa ។ ការដាច់ចរន្តអគ្គិសនីត្រូវបានប្រកាសនៅក្នុងតំបន់ Odesa និង Dnipropetrovsk ក្នុងគោលបំណងកាត់បន្ថយការខូចខាតដែលអាចកើតមានចំពោះហេដ្ឋារចនាសម្ព័ន្ធថាមពល។ ទីក្រុងឃឺស៊ុន (Kherson) ភាគខាងត្បូងដែលត្រូវបានរំដោះនាពេលថ្មីៗនេះដោយអ៊ុយក្រែន បានទទួលរងការវាយប្រហារដោយកាំភ្លើងត្បាល់ និងកាំភ្លើងធំពីកងកម្លាំងរុស្ស៊ីឆ្លងកាត់ទន្លេឌីនីប្រូ (Dnipro) ខណៈដែលវិមានក្រែមឡាំងបានច្រានចោលផែនការសន្តិភាពអ៊ុយក្រែនដោយទាមទារឱ្យទីក្រុងកៀវ (Kyiv) ទទួលយកការបញ្ចូលតំបន់ទាំង ៤ របស់ខ្លួន។ លោក Kyrylo Tymoshenko អនុប្រធាន​បុគ្គលិក​របស់​ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា ការ​បាញ់​ផ្លោង​បាន​ប៉ះ​ទង្គិច​ដល់​​អគារ​មន្ទីរ​ពេទ្យ តែគ្មាន​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ។ លើសពីនេះ លោកបានបង្ហោះសារនៅលើតេឡេក្រាមបន្ថែមថា បុគ្គលិក និងអ្នកជំងឺត្រូវបានជម្លៀសទៅកាន់ទីជម្រកមានសុវត្ថិភាព។ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បានធ្វើសន្និសិទ្ធិតាមវីដេអូមួយ ដោយបានជំរុញឱ្យជនជាតិអ៊ុយក្រែនឱបមនុស្សជាទីស្រឡាញ់ ប្រាប់មិត្តភក្តិដោយក្តីរលឹកគុណពួកគេ គាំទ្រមិត្តរួមការងារ អរគុណឪពុកម្តាយរបស់ពួកគេ និងរីករាយជាមួយកូនរបស់ពួកគេឱ្យបានញឹកញាប់។ មិនត្រឹមតែប៉ុណ្ណោះ លោកបាននិយាយថា ៖«យើងមិនបានបាត់បង់មនុស្សជាតិរបស់យើងទេ ទោះបីជាយើងបានប្រឈមមុខខែដ៏អាក្រក់ក៏ដោយ ហើយ​យើង​ក៏នឹង​មិន​បាត់​បង់​វា​ឡើយ បើទោះ​បី​ជា​នៅ​ឆ្នាំ​ខាងមុខជួបបញ្ហាលំបាក»។  លោក ហ្សេឡេនស្គី កំពុងជំរុញយ៉ាងខ្លាំងក្លានូវផែនការសន្តិភាពទាំង១០ ចំណុច ដែលសង្ឃឹមថា រុស្ស៊ីគោរពបូរណភាពទឹកដីរបស់អ៊ុយក្រែន និងដកកងទ័ពទាំងអស់ចេញ។ ផ្ទុយទៅវិញ ទីក្រុងមូស្គូបានច្រានចោលផែនការសន្តិភាពនេះកាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ដោយបញ្ជាក់ជាថ្មីថាទីក្រុង កៀវ ត្រូវតែទទួលយកការបញ្ចូលរបស់រុស្ស៊ីនៃតំបន់ទាំងបួនគឺ លូហាន (Luhansk) និងដូណេត (Donetsk)នៅភាគខាងកើត និងឃឺស៊ុន (Kherson) និង Zaporizhzhia នៅភាគខាងត្បូង៕ សម្រួលសោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង