​អ៊ូសបេគីស្ថាន៖ កុមារ​ ១៨​ នាក់​បាន​ស្លា.ប់​បន្ទាប់​ពី​ផឹក​ទឹក​ស៊ីរ៉ូ​ឱសថ ដែលផលិត​នៅ​ប្រទេស​ឥណ្ឌា

ក្រសួងសុខាភិបាលនៃប្រទេសអ៊ូសបេគីស្ថាន បានបញ្ជាក់ថា យ៉ាងហោចណាស់កុមារ ១៨ នាក់បានស្លាប់បន្ទាប់ពីផឹកទឹកស៊ីរ៉ូឱសថដែលផលិតដោយក្រុមហ៊ុនផលិតឱសថឥណ្ឌា Marion Biotech Pvt Ltd.។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារ ១៨ នាក់ក្នុងចំណោម ២១ នាក់ដែលបានផឹកថ្នាំទឹកស៊ីរ៉ូ Doc-1 Max បានស្លាប់ បន្ទាប់ពីផឹកវា។ ទឹកស៊ីរ៉ូឱសថនេះ ត្រូវបានលក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន ដើម្បីព្យាបាលសម្រាប់រោគសញ្ញានៃជំងឺផ្តាសាយ និងគ្រុនផ្តាសាយធំ។ ទឹក​ស៊ីរ៉ូ​ឱសថនេះមាន​ផ្ទុក​សារធាតុ Ethylene glycol ដែល​ក្រសួង​បាន​បញ្ជាក់ថា ជា​សារធាតុ​ពុល។ លើសពីនេះ ក្រសួងបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃអង្គារទី២៧ ខែធ្នូ ថា ទឹកស៊ីរ៉ូឱសថត្រូវបាននាំចូលទៅក្នុងប្រទេសអ៊ូសបេគីស្ថានដោយក្រុមហ៊ុន Quramax Medical LLC ហើយទឹកស៊ីរ៉ូឱសថនេះ ត្រូវបានផ្តល់ឱ្យកុមារនៅតាមផ្ទះដោយគ្មានវេជ្ជបញ្ជា និងការណែនាំរបស់ឱសថការី រួមទាំងឪពុកម្តាយរបស់ពួកគេផងដែរ ជាមួយនឹងកម្រិតថ្នាំដែលលើសពីកម្រិតស្ដង់ដារសម្រាប់កុមារ។ ក្រុមហ៊ុនឱសថ Marion Biotech និងQuramax Medical រួមជាមួយក្រសួងសុខាភិបាលឥណ្ឌា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់សារព័ត៌មានរ៉យទ័រ ដែលកំពុងស្វែងរកការអត្ថាធិប្បាយទេ ប៉ុន្តែប្រភព​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ក្រសួង​សុខាភិបាល​កំពុង​ពិនិត្យ​មើល​បញ្ហា​នេះ។ ខណៈ ឥណ្ឌាកាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ បានចាប់ផ្តើមការត្រួតពិនិត្យរោងចក្រផលិតថ្នាំមួយចំនួននៅទូទាំងប្រទេសដើម្បីធានាបាននូវស្ដង់ដារគុណភាពខ្ពស់។ ឧប្បត្តិហេតុនៅ​អ៊ូសបេគីស្ថាននេះ កើតឡើងដូចករណីមួយនៅប្រទេស Gambia ដែលការស្លាប់របស់កុមារយ៉ាងហោចណាស់ ៧០ នាក់។ មែនទែនទៅ ប្រទេសឥណ្ឌាត្រូវបានគេស្គាល់ថាជា ឱសថស្ថាននៃពិភពលោក ហើយការនាំចេញឱសថរបស់ប្រទេសនេះបានកើនឡើងច្រើនជាងពីរដងក្នុងទសវត្សរ៍កន្លងមក រហូតដល់ ២៤,៥ ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ។ ជុំវិញឧប្បត្តិហេតុនេះ ក្រសួងសុខាភិបាលអ៊ូសបេគីស្ថាន បាននិយាយថា ខ្លួនបានបណ្តេញនិយោជិតចំនួន ៧ នាក់ ពីបទធ្វេសប្រហែស មិនបានវិភាគការស្លាប់ទាន់ពេលវេលា និងមិនបានចាត់វិធានការចាំបាច់។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងសុខាភិបាលប្រទេសនេះ បានចាត់វិធានការវិន័យប្រឆាំងនឹង «អ្នកឯកទេស» មួយចំនួនផងដែរ។ គួរបញ្ជាក់ថា ទឹកស៊ីរ៉ូឱសថ Doc-1 Max ត្រូវបានដកចេញពីឱសថស្ថានទាំងអស់៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង