ក្រុមសិទ្ធិមនុស្ស៖ បាតុករអ៊ីរ៉ង់ជាច្រើននាក់ កំពុងប្រឈមនឹងការកាត់ទោសប្រហារជីវិត
អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ (IHR) ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ បានលើកឡើងកាលពីថ្ងៃអង្គារទី ២៧ ខែធ្នូកន្លងទៅនេះថា យ៉ាងហោចណាស់ជនជាតិអ៊ីរ៉ង់ ១០០ នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរយៈពេលជាង ១០០ ថ្ងៃនៃការតវ៉ាទូទាំងប្រទេស ដោយប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត។ ប្រទេសអ៊ីរ៉ង់ត្រូវបានគ្របដណ្តប់ដោយបាតុកម្មចាប់តាំងពីថ្ងៃទី ១៦ ខែកញ្ញា ដោយសារការឃុំឃាំង និងមរណភាពរបស់ស្ត្រីជនជាតិអ៊ីរ៉ង់-ឃឺដ ឈ្មោះ ម៉ាសា អាមីនី (Mahsa Amini) អាយុ ២២ ឆ្នាំ។ នារីរងគ្រោះរូបនេះ ត្រូវបានចាប់ខ្លួននៅក្រុងតេហេរ៉ង់ និងរងការចោទប្រកាន់ថាបានបំពានលើកូដសំលៀកបំពាក់ដ៏តឹងរ៉ឹងសម្រាប់ស្ត្រី។ កាលពីដើមខែនេះ អ៊ីរ៉ង់បានប្រហារជីវិតបុរសពីរនាក់ ពាក់ព័ន្ធនឹងការតវ៉ាលើវិធានការបង្ក្រាបហ្វូងបាតុកររបស់អាជ្ញាធរ ដែលសកម្មជនអះអាងថា មានគោលបំណងបំផុសការភ័យខ្លាចជាសាធារណៈ។ លើសពីនេះ នៅក្នុងរបាយការណ៍មួយ IHR បានកំណត់អ្នកជាប់ឃុំចំនួន ១០០ នាក់ដែលប្រឈមមុខនឹងការដាក់ទណ្ឌកម្មយាងធ្ងន់ធ្ងរ ហើយក្នុងនោះមនុស្សយ៉ាងហោចណាស់ ១១ នាក់ ត្រូវបានកាត់ទោសប្រហារជីវិត។ អ្នកជាប់ឃុំចំនួន ៥ នាក់នៅក្នុងបញ្ជីរបស់ IHR គឺជាស្ត្រី។ ជុំវិញបញ្ហានេះ នាយក IHR លោក ម៉ាមូដ អាមីរី ម៉ូហ្កាដាម (Mahmood Amiry-Moghaddam) បានលើកឡើងថា៖ «តាមរយៈការចេញការកាត់ទោសប្រហារជីវិត និងប្រហារជីវិតបាតុករមួយចំនួន អាជ្ញាធរចង់ឱ្យហ្វូងបាតុករដទៃទៀត បញ្ឈប់ការតវ៉ារបស់ពួកគេ»។ លោកបន្តថា៖ «វិធានការនេះមានឥទ្ធិពលខ្លះ ប៉ុន្តែអ្វីដែលយើងបានសង្កេតឃើញជាទូទៅ គឺការខឹងសម្បារកាន់តែខ្លាំងប្រឆាំងនឹងអាជ្ញាធរ។ យុទ្ធសាស្ត្រនៃការបំផុសភាពភ័យខ្លាចរបស់ពួកគេ តាមរយៈការប្រហារជីវិត បានបរាជ័យ»។ ក្នុងចំនួនអ្នកស្លាប់ថ្មីៗដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ IHR បានកត់សម្គាល់ថា អ្នកតវ៉ាចំនួន ៤៧៦ នាក់ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ។ ក្រោមបញ្ជារបស់ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ មនុស្សជាង ២០០ នាក់បានស្លាប់ រួមទាំងមន្ត្រីសន្តិសុខផងដែរ។ បន្ថែមលើនេះ អង្គការសហប្រជាជាតិបាននិយាយកាលពីខែមុនថា មនុស្សយ៉ាងហោចណាស់ ១៤០០០ នាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីភាពចលាចលទូទាំងប្រទេសបានចាប់ផ្តើម។ លោក ម៉ាជីឌេហ្សា រ៉ាណាវ៉ាដ (Majidreza Rahnavard) អាយុ ២៣ ឆ្នាំ ត្រូវបានព្យួរកនៅទីសាធារណៈពីរថយន្តស្ទូច កាលពីថ្ងៃទី ១២ ខែធ្នូ បន្ទាប់ពីត្រូវបានកាត់ទោសដោយតុលាការនៅទីក្រុងម៉ាសាហាដ (Mashhad) ពីបទសម្លាប់សមាជិកនៃកងកម្លាំងសន្តិសុខពីរនាក់ដោយកាំបិត។ បួនថ្ងៃមុននេះ លោក ម៉ូសេន សេការី (Mohsen Shekari) ដែលមានអាយុ ២៣ ឆ្នាំ ត្រូវបានប្រហារជីវិតដោយសារបានបង្ករបួសស្នាមលើសមាជិកនៃកងកម្លាំងសន្តិសុខ។ តុលាការបានអះអាងថា មនុស្សប្រាំបួននាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតលើការតវ៉ានេះ ដែលក្នុងនោះពីរនាក់ត្រូវបានអនុញ្ញាតឱ្យមានការជំនុំជម្រះឡើងវិញ៕ សម្រួលដោយ ទៀង បុណ្ណរី