ព្រឹទ្ធសភាចុះស្វែងយល់នៃការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើ គ្រប់វិស័យក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង÷ គណៈកម្មការទី 5 ព្រឹទ្ធសភាបើកកិច្ចប្រជុំ ស្វែងយល់ពីការអនុវត្តច្បាប់ អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី 27 ខែធ្នូ 2022នេះ ស្ថិតនៅក្នុងសាលាប្រជុំនៃខេត្តស្ទឹងត្រែង។ ដោយមានការចូលរួម ជាអធិបតីពី ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ តំណាងលោកជំទាវ ទី បូរ៉ាស៊ី ជាប្រធានគណៈកម្មការទី៥ និងរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម ស៊ី សួន អភិបាលខេត្តស្តីទី និង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត គោលបំណងដើម្បីស្វែងយល់ពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការផ្សព្វផ្សាយព័ត៌មាន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្តស្ទឹងត្រែង។
ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍លើកឡើងថា ចំពោះវត្តមានរបស់គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា ដែលបានចំណាយពេល ដ៏មានតម្លៃ ចុះតាមដានរាល់ការអនុវត្តច្បាប់នានា ជាពិសេសការអនុវត្តច្បាប់អន្តោប្រវេសន៍ ក៏ដូចជា ការអនុវត្តច្បាប់នានា ព្រមទាំងការផ្សព្វ- ផ្សាយព័ត៌មាន និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ស៊ី សួន អភិបាលរងខេត្តបានបន្តថា ខេត្តស្ទឹងត្រែង ក្រោមការដឹកនាំ របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានធ្វើឲ្យខេត្តមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សដោយ បានប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋានបាន សហការគ្នាយ៉ាងសកម្ម និងខិតខំយកចិត្តទុកដាក់ជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាការទប់ស្កាត់រាល់សកម្មភាពអសកម្មនានា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរឡើងថែមទៀត។
ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានមានប្រសាសន៍ថា អំពីគោល- បំណងនៃជំនួបពិភាក្សានាពេលនេះគឺ ដើម្បីស្វែងយល់ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើវិស័យជាជំនាញ របស់គណៈកម្មការមួយចំនួនដូចជា ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ការអនុវត្តន៍ច្បាប់ ស្តីពីរបបសារព័ត៌មាន ការផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងជនបរទេស កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរច្រកទ្វារព្រំដែននៃប្រទេស ទាំងពីរកម្ពុជា-ឡាវ ការគ្រប់គ្រងពលករខ្មែរឆ្លងដែនទៅធ្វើ ការនៅបរទេស ពង្រឹងពង្រីកទំនាក់ទំនងឲ្យកាន់តែ មានភាពជិតស្និទ្ធរវាងព្រឹទ្ធសភាជាមួយនឹងអាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ និងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ នៅទូទាំងខេត្តស្ទឹងត្រែង។ ឯកឧត្តម អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះរាជាណាចក្រ កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ដ៏ឈ្លាសវៃ និងប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសកិច្ច សហប្រតិបត្តិការអន្តរជាតិដោយ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានឈ្មោះនៅលើឆាកអន្តរជាតិ និងធ្វើឲ្យប្រទេសនានាលើសកលលោកទទួលស្គាល់។ ឯកឧត្តមថា រាល់បញ្ហាប្រឈម និងសំណូម ពរដែលមន្ទីរពាក់ព័ន្ធនានា និងថ្នាក់ដឹកនាំខេត្ត បានលើកឡើង គណៈប្រតិភូ និងធ្វើជារបាយការណ៍ដើម្បីរាយការណ៍ជូនដល់គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជូន ដល់បណ្តាក្រសួងពាក់ព័ន្ធនានា ដើម្បីជួយសម្រួល និងជួយដោះស្រាយ។
(ដោយសហការី TNM ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី