នគរបាលខណ្ឌសែនសុខម្នាក់ ត្រូវបានផ្អាកការងារ និងដកមកបញ្ឈរជើង៣ខែ ក្រោយបង្ហោះទទួលធ្វើបណ្ណចេញ-ចូលក្រសួងមហាផ្ទៃ
រាជធានីភ្នំពេញ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល លើមន្រ្តីនគរបាលខណ្ឌសែនសុខម្នាក់ ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល០៣ខែ។ នេះបើតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ការសម្រេចផ្អាកការងារ និងដកមកបញ្ឈរជើងនៃមន្រ្តីនគរបាល បានធ្វើឡើងក្រោយពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃើញវីដេអូដែលបង្ហោះកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ តាមបណ្តាណសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដែលបានបង្ហោះខ្លឹមសារមិនប្រក្រតីមួយ។ វីដេអូនោះបានអះអាងថា៖ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន»។ បន្ទាប់ពីឃើញវីដេអូ ភ្លាមៗនោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។ក្រោយពីធ្វើការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោកពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភក្តិ ដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។ យ៉ាងណា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ដ្បិតមន្រ្តីនគរបាលខណ្ឌសែននោះ ត្រូវបានផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ប៉ុន្តែត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀងរាល់ថ្ងៃ៕ សម្រួលដោយ ទៀង បុណ្ណរី