អាជ្ញាធរខេត្តសៀមរាប នាំយកអំណោយចែកដល់គ្រួសារក្រីក្រ ចាស់ជរា និងជនពិការចំនួន៣៨៤គ្រួសារ ក្នុងឱកាសចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម
សៀមរាប៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប នាំយកអំណោយចែកដល់គ្រួសារ (ក្រ១ និងក្រ២) ចាស់ជរាជនពិការចំនួន៣៨៤គ្រួសារ ក្នុងឱកាសចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោគណៈមហានិកាយឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ គម្រប់៨៣ឈានចូល ៨៤ព្រះវស្សា។ ពិធីនេះដែរ មានការចូលរួមរបស់អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រីជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជាច្រើនផងដែរ។ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ការប្រារព្វពិធីនេះឡើង គឺដើម្បីសម្តែងនូវការរំលឹកនឹកនូវគុណូបការៈ និងគុណសម្បតិ្តយ៉ាងច្រើនឥតគណនា របស់ព្រះអង្គមកលើសិស្សគណ គ្រប់អង្គ/រូប ជាពិសេសព្រះអង្គបានលះបង់ និងថ្វាយខ្លួនបម្រើនព្រះពុទ្ធសាសនាអស់មួយជីវិត ទើបថ្ងៃនេះគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អស់លោក បានរៀបចំនូវអំណោយសម្រាប់ធ្វើការចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះប្រកប សេចក្តីជ្រះថ្លាក្រែលែង និងដើម្បីបានរួមចំណែកបំពេញបុណ្យកុសល ជាមួយលោក លោកស្រី និងប្រជាពុទ្ធបរិស័ទនាពេលនេះ។ លោក ទៀ សីហា ក៏បានឧទ្ទិសបួងសួងកុសល្យផលបុណ្យ ដែលយើងទាំងអស់គ្នាបានធ្វើទាំងអម្បាមាណប្រគេនថ្វាយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ព្រះនាយកពុទ្ធិកវិទ្យាល័យរាជបូណ៌ និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ សូមឲ្យព្រះគ្រូមានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ព្រះធម៌ដល់សិស្សគណគ្រប់ៗអង្គ បានសិក្សាក្រេបជញ្ជក់នូវចំណេះដឹងក្នុងវិស័យព្រះពុទ្ធសាសនានៃយើង ដែលជាសាសនារបស់រដ្ឋ។ ដើមី្បចូលរួម ពិធីបុណ្យខួបកំណើត និងចម្រើនព្រះជន្ម លោក ទៀ សីហា បានប្រគេននូវគ្រឿងឧបភោគបរិភោគ មានអង្គរ ៥០០គក្រ ទឹកក្រូច១០កេស ទឹកសុទ្ធ២០កេស ទឹកត្រី ១០យួរ ទឹកស៊ីអ៊ីវ១០យួរ ត្រីខ៥កេស ទឹកដោះគោ ១កេស តែ៥គក្រ ស្ករស១០គក្រ និងបច្ច័យ៥លានរៀល និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ថវិកា ២លានរៀល សរុប៧លានរៀល។ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ បានផ្តល់នូវពុទ្ធឱវាទល្អៗជាច្រើន ដើមី្បជាត្រីវិស័យសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័យ យកទៅប្រតិបត្តិនៅក្នុងខ្សែជីវិត និងបម្រើការងារជូនប្រជាពលរដ្ឋប្រកបដោយសច្ចធម៌បរិសុទ្ធ សំដៅឆ្ពោះទៅការកសាងប្រទេសជាតិ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ មានសង្ឃដិកាបញ្ជាក់ អំពីផ្លូវបុណ្យ និងផ្លូវបាប ដែលកើតឡើងដោយអំពើរបស់យើងរាល់គ្នា ហើយផ្លូវបុណ្យ គឺកើតឡើងពីចិត្តរបស់យើង ហើយផ្លូវបាបក៏កើតចេញពីអំពើអាក្រក់របស់យើងផងដែរ។ ដូច្នេះដែរ ផ្លូវបុណ្យ ផ្លូវបាប គឺស្ថិតនៅជុំវិញខ្លួនរបស់យើងនៅគ្រប់ដង្ហើមចេញចូលនៃយើងផងដែរ។ ជាមួយនេះដែរ អំណោយដែលបានចែកជូនដល់គ្រួសារ (ក្រ១.ក្រ២)ចាស់ជរា ជនពិការ៣៨៤គ្រួសារ ដោយមួយគ្រួសារទទួលបាន ឃីត១កញ្ចប់ មានភួយ មុង ក្រម៉ា សារុង ខ្នើយ និងថវិកា៤ម៉ឺនរៀល ព្រមទាំងរៀបចំអាហារជូនផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី