ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកម្មវិធីជួបជុំ និងសំណេះសំណាលជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចូលរួមកម្មវិធីជួបជុំ និងសំណេះសំណាលជាមួយមហាគ្រួសារខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជាច្រើនរយនាក់នៅសាលពិព័ណ៌ជ្រោយចង្វា (ICOC អគារ C)…។ នាឱកាសនោះ ឯកឧត្តម គឹម សន្តិភាព បានបង្ហាញមតិស្វាគមន៍ដល់អង្គពិធី និងបានលើកឡើងថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមគ្គទេសក៍យុវជនដ៏ឆ្នើម បាននឹងកំពុងដឹកនាំចលនាយុវជនកម្ពុជា ឱ្យរួមចំណែកធ្វើសកម្មភាពស្នេហាជាតិ បង្រួបបង្រួម ពង្រឹង និងពង្រីកសាមគ្គីជាតិទាំងក្នុង និងក្រៅប្រទេស ក្នុងក្របខ័ណ្ឌខ្មែរតែមួយប្រកបដោយជោគជ័យ។ ជាងនេះផងដែរ ឯកឧត្តមបណ្ឌិត តែងតែយកចិត្តទុកដាក់ជានិច្ចក្នុងការដឹកនាំបង្ហាត់បង្ហាញដល់ក្រុមយុវជន ឱ្យរួមចំណែកធ្វើសកម្មភាពបង្រួបបង្រួមសាមគ្គីជាតិខ្មែរតែមួយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាពនៃកម្ពុជា។ ឯកឧត្តម គឹម សន្តិភាព មានប្រសាសន៍បន្តថា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ភ្លឺស្វាង និងដោយមានការណែនាំផ្ទាល់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដោយពេញចិត្តក្នុងការលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្ត ពេលវេលា ប្រាជ្ញាស្មារតី ធនធាន និងសម្ភារផ្ទាល់ខ្លួនក្នុងបុព្វហេតុរួមចំណែក «ពង្រឹងពង្រីកសាមគ្គីជាតិក្នុងក្របខ័ណ្ឌខ្មែរតែមួយ» ដោយបានបង្កើតនូវកម្មវិធីជួបជុំ សំណេះសំណាល ចែករំលែកនូវព័ត៌មានយ៉ាងទូលំទូលាយ ស្តីពីគោលនយោបាយរបស់រាជរដ្ឋាភិបាល សមិទ្ធផលជាតិ បូរណភាពទឹកដី ស្ថិរភាព និងការអភិវឌ្ឍជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន..៕ សម្រួលដោយ ទៀង បុណ្ណរី