រថយន្តខ្នាតធំសណ្ដោងរុឺម៉កបុកជាមួយម៉ូតូស្លាប់មនុស្សចំនួន02នាក់ នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ រថយន្តខ្នាតធំសណ្ដោងរុឺម៉កមួយគ្រឿងបានបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សប្រុសស្រីស្លាប់02នាក់ នៅនឹងកន្លែង យ៉ាងអាណោចអាធម្ម ហេតុការណ៍នេះបានកើតឡើងនៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 486 – 487 លើផ្លូវជាតិលេខ 9 ស្ថិតនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅវេលាម៉ោង 18 និង 16 នាទី ថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2022។ សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនោះទេ បើកបររថយន្តខ្នាតធំសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A 29 59 ដោយមានកន្ទុយសណ្ដោងពណ៌ខៀវ មានស្លាកលេខ 4A17 14 បើកបរទិសដៅពីរលិចទៅកើត ទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូម៉ាក ឌ្រីមសង់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខស្ទឹងត្រែង1D 47 93 បើកបរទិសដៅពីកើតទៅលិច បានបណ្ដាលឱ្យអ្នកជិះម៉ូតូពីរនាក់ប្ដីប្រពន្ធបានស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗតែម្ដង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទី1 មានឈ្មោះរ៉ូ សុវ៉ាន់ ភេទប្រុសអាយុ 29 ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ (ជាអ្នកបើកបរ ប្តី ស្លាប់) ជនរងគ្រោះទី 2 ឈ្មោះផា រចនា ភេទស្រីអាយុ 18 ឆ្នាំមុខរបរកសិករជនជាតិខ្មែរ ជាប្រពន្ធអ្នកបើកបរ (ស្លាប់បែកក្បាលខ្ទេច) អ្នកទាំងពីររស់នៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ពាក់មួកសុវត្ថិភាពទាំងពីរនាក់។ ចំណែកអ្នកបើកបររថយន្តបានបើករថយន្តឈប់ចតចោល នៅចម្ងាយប្រហែល 2 គីឡូម៉ែត្រ ពីកន្លែងកើតហេតុ រួចហើយក៏រត់គេចខ្លួនបាត់ស្រមោល ។ក្រោយពេលកើតហេតុនគរបាចរាចរណ៍ផ្លូវគោកបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួច ក៏បាននាំយករថយន្តនិងម៉ូតូ ជាវត្ថុតាង រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ដោយសហការី tnm ស្ទឹងត្រែង សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង