កុំចេះតែហ៊ាន..! ពេលនេះ អភិបាលខេត្តបន្ទាយមានជ័យចុះរុះរើបង្គោលរបងថ្ម ដែលក្រុមហ៊ុនកូណៃសាងសង់បំពានច្បាប់

បន្ទាយមានជ័យ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ភ្នំកងវ៉ា ថា ក្រុមហ៊ុនកូណៃ បានប្រើកម្មកររ​ប​ស់​​ខ្លួនយកដុំថ្មធំៗបិទផ្លូវ មិនឱ្យប្រជាពលរដ្ឋដឹកកសិផលឆ្លងកាត់ និងបានយកបន្លាលួសធ្វើរបងបិទផ្លូវហ៊ុមព័ទ្ធភ្នំ យកធ្វើ​ជាកម្មសិទ្ធិរបស់ខ្លួន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីចម្រុះ ចុះរុះរើរបង​បង្គោល​របងស៊ីម៉ងត៍ដាក់​លួសបន្លាចេញ…។ប្រតិបត្តិការនេះ ដឹកនាំដោយ ឯកឧត្តម អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត និងកម្លាំងចម្រុះ។ បានចុះទៅដកបង្គោលរបងស៊ីម៉ង់ត៍​ និងរុះរើលួសបន្លាចេញ ​ក្រោយពីបុគ្គលដែល​ធ្វើរបងរំ​លោភ​យកចំណីភ្នំ​ រឺជើងភ្នំពង្រ ខាងកើតធ្វើជាកម្មសិទ្ធិ ហើយបានដាំកូនឈើ​មានប្រយោជន៍ជា​ច្រើនហិកតា និងក្រោយពីំានការចុះផ្សាយពីសារព័ត៌មាន ធី អិន អឹម រួចមកនោះ។ មុនពេលដែលឯកឧត្តម អ៊ំ រាត្រី ដឹកនាំមន្ត្រីចម្រុះចុះរុះរើ គឺដោយសារតែក្រុមហ៊ុនកូណៃ បានឱ្យបុគ្គលិករបស់ខ្លួនយកគ្រឿងចក្រ កាយយកដុំថ្មធំៗបិទផ្លូវ និងធ្វើរបងខ័ណ្ឌផ្តាច់ផ្លូវជ្រលងភ្នំជាច្រើនខ្សែ និង​បាន​ធ្វើរបងតាមជើងភ្នំហ៊ុំព័ទ្ធជួរភ្នំកងវ៉ា លើផ្ទៃដីរាប់រយហិកតាដូចជាកម្មសិទ្ធិរបស់ខ្លួន ​ស្ថិតនៅចំណុចជួរភ្នំកងវ៉ា ក្នុងភូមិ​កងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដើម្បីដាំដំណាំ ចញ្ចឹមសត្វ ក៏ដូចជាកំពុងរៀបចំធ្វើអាជីវកម្ម​ទេសចរណ៍​នាពេលខាងមុខផងដែរ។  ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះដល់កន្លែងកើតហេតុ និងបានរកឃើញមានអ្នក​ធ្វើរបងព័ទ្ធជើងភ្នំពង្រយកធ្វើកម្មសិទ្ធិ​ ដែលមានដាំកូនឈើមានប្រយោជន៍ និងសាងសង់អគារ២ទៅ៣ល្វែងក្បែរជើងភ្នំ​ និងធ្វើរបងឡោមព័ទ្ធ​ជើងភ្នំពង្រយក​ធ្វើជាកម្មសិទ្ធិមានដីរាប់សិបហិកតា ទើបលោកបញ្ជាឱ្យរុះរើងឱ្យអស់តែម្ដង។ ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានសម្តែងការកោតសសើរចំពោះ ឯកឧត្តមអភិបាលខេត្ត​ ដែលបានដឹកនាំមន្ត្រីចម្រុះ​ ចុះរុះរើបង្គោលរបង​ ដែល​បុគ្គល​ថ្លើមធំហ៊ានធ្វើរបងឡោមព័ទ្ធយកភ្នំពង្រធ្វើ​ជាកម្មសិទ្ធិ ដោយពលរដ្ឋស្នើឱ្យឯកឧត្តម អ៊ំ រាត្រី ចាត់វិធាន​ការតច្បាប់ ទៅលើអ្នកដែលបានឡោមព័ន្ធយកភ្នំធ្វើជាកម្មសិទ្ធិនោះមកផ្តន្ទាទោសតាមច្បាប់ផងដែរ…៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង