លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ សិស្សប្រឡងជាប់ មានចំនួនជាង៧០០ នាក់នៅខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង÷ នៅល្ងាចថ្ងៃទី 23 ខែធ្នូឆ្នាំ 2020នេះ ឯកឧត្តមស្វាយ សំអ៊ាងអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញជាអធិបតី កាត់កញ្ចប់លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ថ្ងៃទី៥ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំសិក្សា២០២១-២០២២ សម្រាប់ខេត្តស្ទឹងត្រែង ។ ការកាត់កញ្ចប់លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិនេះ ស្ថិតនៅមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង ។ ក្នុងនោះដែលមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលក្រុង ប្រធាន អនុប្រធានមន្ទីរ នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡាខេត្ត ប្រធានការិយាល័យអប់រំក្រុង ស្រុកនិង នាយកសាលា លោកគ្រូ អ្នកគ្រូផងដែរ ។ លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ថា លទ្ធផលប្រឡងកំរិតថ្នាក់បាក់ឌុប នៅទូទាំងខេត្តស្ទឹងត្រែង មានបេក្ខជនចូលរួមប្រឡងមានចំនួនសរុប ៨៧០ នាក់ ក្នុងនោះស្រី មានចំនួន៤៥៦ នាក់។ដោយឡែកលទ្ធផលរបស់បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិមានចំនួន ៧១៧ នាក់ មានស្រីចំនួន៣៨៦ នាក់បើគិតជាភាគរយស្មើនឹង៨២,៤១% ។ក្នុងនោះសិស្សបានប្រឡងជាប់ ដែលមាននិទ្ទេស A ចំនួន០៣ នាក់ មានស្រី ០២ នាក់ និទ្ទេស B.ចំនួន៤៣ នាក់ ស្រី២៦ នាក់ និទ្ទេស C.ចំនួន១៣២ នាក់ មានស្រី ៧៤ នាក់ និទ្ទេស D ចំនួន២៨៨ នាក់ ស្រី ចំនួន១៦៥ នាក់ និង និទ្ទេស E មានចំនួន ២៥១ នាក់ ក្នុងនោះសិស្សស្រីមានចំនួន ១១៩ នាក់ ៕ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី