សមត្ថកិច្ចចុះពិនិត្យករណីផ្ទុះអាវុធ ប្រទះករណីប្រើប្រាស់គ្រឿងញៀន
ខេត្តបាត់ដំបង ÷ មនុស្សចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកសង្កែ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ ក្នុងករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ បន្ទាប់ពីមានស្នូរផ្ទុះអាវុធរួចមក។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើង កាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១:០០នាទី នៅចំណុចក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោក វរសេនីយ៍ទោ សំ ប៊ុនហេង អធិការរង ទទួលផែនគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ចុះបង្ក្រាបបានករណី រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង។ បើតាមការអះអាងពីលោកអធិការរង សំ ប៊ុនហេង បានបញ្ជាក់ថា ដំបូងកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីផ្ទុះអាវុធ ប៉ុន្តែពេលទៅដល់ត្រូវបានម្ចាស់ផ្ទះមិនអនុញ្ញាតឱ្យចូលឡើយ ដោយបានបិទទ្វាររបងជាប់។ ដោយសារមានការសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ ស្នងការ សាត គឹមសាន និងលោក កែវ សុជាតិ ព្រះរាជអាជ្ញារួចមក ទើបកម្លាំងអាចចូលទៅក្នុងផ្ទះនោះបាន ដោយក្នុងនោះដែរ សមត្ថកិច្ចបានរកឃើញវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធនឹងបទល្មើស និងមានស្លាកស្នាមនៃការផ្ទុះអាវុធចំនួន២គ្រាប់។ ក្នុងកិច្ចប្រតិបត្តិការនោះសមត្តកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ដែលក្នុងនោះបុរសដែលជាម្ចាស់ផ្ទះ និងជាអ្នកបាញ់ បានគេចខ្លួនមុនសមត្ថកិច្ចទៅដល់។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖ ១-ឈ្មោះ ស៊ុន ស្រីនាងហៅ អាជី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ (ប្រពន្ធម្ចាស់ផ្ទះ) ២-ឈ្មោះ សុខ វាស្នា ហៅហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រាង ឃុំត្រាង ស្រុកថ្មគោល ៣-ឈ្មោះ ទី ម៉ាតាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ៤-ឈ្មោះ ស៊ួរ សាណេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង ៥-ឈ្មោះ ឡុង លីតា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ៦-ឈ្មោះ ទៀប សុគន្ធា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ៧-ឈ្មោះ ខុប ផល្លី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ និង ៨-ឈ្មោះ ណាន ណាត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនរួមមាន ÷ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣ថង់ ទម្ងន់៣,១០ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៥គ្រាប់ ទម្ងន់១,៤០ ក្រាម សម្ភារ:កែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន ១ ទូរស័ព្ទដៃចំនួន៧គ្រឿង បង់អាវុធAK ចំនួន២ សំបកកាទុសគ្រាប់អាវុធAk47ចំនួន២គ្រាប់ ទើបបាញ់ហើយ និង ចុងអាវុធវែងចំនួន១កំណាត់ ។ បើតាមការសាកសួរពីក្រុមយុវវ័យដែលប្រើប្រាស់ថ្នាំញៀនមួយចំនួនដែលត្រូវឃាត់ខ្លួនបាននិយាយថា ជនសង្ស័យដែលបានគេចខ្លួន គឺបានយកទៅជាមួយនូវប្រភេទអាវុធAK47 កាត់ស្វ័យ កាត់កាណុង ចំនួន១ដើម និងកាំភ្លើងខ្លី១ដើមផងដែរ ដែលជនសង្ស័យរូបនេះ សមត្ថកិច្ចបានបង្ហើបថា គឺជាមុខសញ្ញាចាស់ផងដែរ។ បច្ចុប្បន្នជនដែលត្រូវឃាត់ខ្លួនចំនួន៨នាក់ គឺកម្លាំងជំនាញត្រៀមបញ្ជូនខ្លួនទៅតាមនីតិវិធីហើយ ៕ សម្រួលដោយ ទៀង បុណ្ណរី