គ្រឿងស្រវឹងបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសស្រ្តី

ភ្នំពេញ៖ មន្ត្រីបច្ចេកទេសនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធបានបង្ហាញថា គ្រឿងស្រវឹងបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ជាពិសេសស្រ្តីនិងខាតបង់ថវិកា គ្រោះថ្នាក់ចរាចរណ៍ និងបង្កជាអំពើហិង្សាជាដើម។ ថ្លែងក្នុងសិក្ខាសាលាស្តីពីផលប៉ះពាល់ទៅលើស្រី្ត នាព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២នៅរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេស នៃអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការប្រើប្រាស់គ្រឿងស្រវឹងបានបង្កឱ្យមានជំងឺមហារីក ដាច់សសៃឈាម ក្រិនថ្លើម និងបង្កឱ្យមានជំងឺមិនឆ្លងជាច្រើនមុខថែមទៀត នេះមិនទាន់គិតពីគ្រោះថ្នាក់ចរាចរណ៍ និងផលលំបាកផ្សេងៗផងដែរ។ អ្វីដែលប្រឈមខ្លាំងនោះ ចំពោះស្រ្តីពេលដែលប្រើប្រាស់គ្រឿងស្រវឹងនឹងបណ្តាលឱ្យខូចខាតខួរក្បាល ខូចថ្លើម ជំងឺបេះដូង មហារីកសុដន់ បើស្រ្តីមានផ្ទៃពោះស្រ្តីសម្រាលកូនមុនខែ ជាដើម។ លោកវេជ្ជបណ្ឌិតបន្ថែមថា បើប្រៀបធៀបស្រ្តីដែលមិនផឹកគ្រឿងស្រវឹង និងស្រ្តីដែលផឹកមធ្យម ឬច្រើនក៏មានហានិភ័យកើនឡើងដែរ ដូចជាជំងឺពុកឆ្អឹង ការដួល និងបាក់ឆ្អឹងត្រគាក ឆាប់អស់រដូវមុនអាយុ អាចមិនមានកូន ឬរលូតកូន ព្រមទាំងកើតជំងឺសម្ពាធឈាមផងដែរ។ ក្រៅពីនេះ ក៏នឹងបង្កឱ្យមានជំងឺមិនឆ្លងជាច្រើនមុខថែមទៀត។ លោកវេជ្ជបណ្ឌិតមុំ គង់នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានឱ្យដឹងថា ក្នុងនាមជាសមាជិកអង្គការសុខភាពពិភពលោក កម្ពុជា គួរតែដំឡើងពន្ធលើផលិតផលគ្រឿងស្រវឹងឱ្យបានខ្ពស់ កំណត់អាយុអ្នកប្រើប្រាស់ កំណត់ទីតាំងលក់គ្រៀងស្រវឹង ហាមផ្សព្វផ្សាយគ្រៀងស្រវឹង កំណត់ថ្ងៃ និងម៉ោងនៃការលក់គ្រឿងស្រវឹង មន្ត្រីនគរបាលចរាចរណ៍ត្រូវបន្តរឹតបណ្តឹងការវាស់ជាតិអាកុលនៅតាមដងផ្លូវ និងផាកពិន័យឱ្យខ្ពស់ចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹង។ សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើស្រ្តី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ទទួលបានកិច្ចសហការរៀបចំដោយអង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(HACC) និងអង្គការចលនាដើម្បីសុខភាពកម្ពុជា។ តំណាងក្រសួងកិច្ចការនារី អង្គការជាតិនិងអន្តរជាតិដែលបានចូលរួមសិក្ខាសាលានេះ បានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹង និងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមគ្រប់មធ្យោបាយ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើស្រ្តី រួមទាំងការប៉ះពាល់លើសិទ្ធិរស់នៅដោយគ្មានអំពើហិង្សាជាដើម។ ភាពញឹកញាប់នៃអំពើហិង្សាក្នុងគ្រួសារកើនឡើងស្របគ្នានឹងភាពញឹកញាប់នៃការប្រើប្រាស់គ្រឿងស្រវឹងនៃប្ដីប្រពន្ធ ឬដៃគូស្និទ្ធស្នាល។ ស្រ្តីមួយចំនួនបានក្លាយជាជនពិការ មេម៉ាយវ័យក្មេង បាត់បង់កូនៗនិងមនុស្ស ជាទីស្រឡាញ់របស់ខ្លួនដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយគ្រឿងស្រវឹងផងដែរ។ លើសពីនេះ ស្រ្តីទទួលរងនូវអំពើហិង្សាផ្លូវកាយ ផ្លួវចិត្ត ផ្លូវភេទ និងផ្នែកសេដ្ឋកិច្ច បណ្តាលមកពីការប្រើប្រាស់គ្រឿង ស្រវឹង ដែលគំរាមកំហែងដល់ការរស់នៅ ការចិញ្ចឹមបីបាច់កូនៗក្នុងគ្រួសារ និងការអភិវឌ្ឍន៍សង្គមជាតិ។ សមាជិកអង្គសិក្ខាសាលាបានលើកជាមតិសម្រាប់ធ្វើជាអនុសាសន៍នៃកិច្ចប្រជុំ មានដូចជា៖ បង្កើនការអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងសហមគមន៍តាមមធ្យាបាយផ្សេងៗពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ជំរុញឱ្យមានការអនុម័តច្បាប់គ្រប់គ្រងគ្រឿងស្រវឹងដោយមានការចូលរួមពីសង្គមស៊ីវិល កំហិតឃាត់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ ជាពិសេសការផ្សាយពាណិជ្ជកម្មដែលទាក់ទាញនិងជំរុញចិត្តឱ្យស្រ្តីចាប់ផ្តើមប្រើប្រាស់គ្រឿងស្រវឹង និងប្រើប្រាស់កាន់តែច្រើន កំណត់អាយុដែលអាចសេព ឬទិញគ្រឿងស្រវឹង ដើម្បីបង្ការកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង កំណត់កន្លែងលក់ និងប្រើប្រាស់គ្រឿងស្រវឹង។ ការលក់និងសេពគ្រឿងស្រវឹង គួរអនុញ្ញាតនៅទីកន្លែងដែលមិនទាក់ទាញឱ្យមានការចាប់អារម្មណ៍របស់ស្រ្តីវ័យក្មេង និងឆ្ងាយពីកន្លែងប្រមូលម្តុំរបស់ស្រ្តី។ ដំឡើងពន្ធលើផលិត ផលគ្រឿងស្រវឹង ដើម្បីរារាំងកុំឱ្យមានការចាប់ផ្តើមសេពគ្រឿងស្រវឹងក្នុងវ័យក្មេង និងកាត់បន្ថយហានិភ័យលើស្រ្តីវ័យក្មេង ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿង ស្រវឹងរបស់មនុស្សពេញវ័យ និងក្រសួង ស្ថាប័នទទួលបន្ទុក គួរពិចារណា និងដាក់ចេញនូវវិធានការមានប្រសិទ្ធភាព ដើម្បីរួមចំណែកការពារឧត្តមផលប្រយោជន៍របស់ស្រ្តី និងបង្ការស្រ្តីកុំឱ្យទទួលរងនូវផលប៉ះពាល់ទាំងឡាយដែលបង្កដោយគ្រឿងស្រវឹង៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង