កម្ពុជា-អូស្ត្រាលី បន្តជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការ​បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ​សំដៅពង្រឹង ​​ពង្រីក ​និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ​និងវិនិយោគ​ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុងថ្ងៃអនាគត។ ក្នុងឱកាសទទួលជួបការងារ និងជម្រាបលារបស់ ឯកឧត្តម ប៉ាប្លូ កាំង (PABLO Kang) ឯកអគ្គរាជទូត​អូស្រ្តាលីប្រចាំកម្ពុជា ​ដែលនឹងចប់​អាណត្តិ ​កាលពីរសៀលថ្ងៃទី២២ ធ្នូ ឆ្នាំ២០២២​កន្លងទៅ ​នៅទីស្តីការក្រសួង ​ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ​បានសម្ដែងនូវ​ការស្វាគមន៍ ​និងអបអរសាទរចំពោះ ​ឯកឧត្តមឯកអគ្គរាជទូត ​ដែលបានបំពេញបេសកកម្មប្រកប​ដោយ​ជោគជ័យនៅកម្ពុជា ​ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែក​យ៉ាង​សកម្មរបស់ឯកឧត្តមទូត ​ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាង​ប្រទេស​ទាំងពីរ ​និងថ្លែងការអរគុណចំពោះរដ្ឋាភិបាល ​និងប្រជាជនអូស្ត្រាលី សម្រាប់ការគាំទ្រ​ជា​បន្តបន្ទាប់​ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ​និងសង្គមកម្ពុជា ​ដែលក្នុងនោះរួមមាន​ទាំងការឧបត្ថម្ភ​វ៉ាក់សាំង​ប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំង​របស់រាជរដ្ឋា​ភិបាល​កម្ពុជា។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល ​និងប្រជាជនអូស្ត្រាលី ដែល​បាន​ផ្តល់ជំនួយក្រោមកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ចទ្វេភាគីថ្មី កម្ពុជា-អូស្ត្រាលី ក៏ដូចជាកម្មវិធី​ពាណិជ្ជកម្ម​តំបន់ (RT4D) ដែលក្នុងនោះ ​ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធីទាំងនេះផងដែរ។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរ ក៏បានស្វាគមន៍​ចំពោះការ​សម្រេចបានជាដុំកំភួន​ នូវការចរចាដំទ្បើងកម្រិត​នៃកិច្ច​ព្រមព្រៀង​តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ​ដែលជាសមិទ្ធផល​អាទិភាពសេដ្ឋកិច្ចមួយ​របស់​កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ យោងតាមអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ​ការនាំចេញ-នាំចូល រវាង​ប្រទេស​កម្ពុជា-អូស្រ្តាលី​ គិតក្នុងរយៈពេល ៧ខែ​ ឆ្នាំ២០២២ មានទំហំទឹកប្រាក់សរុប​ចំនួន​ប្រមាណជាង ​៣២០លានដុល្លារ ​មានការកើនឡើងជាង ១២៧% ប្រៀបធៀប​រយៈពេលដូចគ្នាទៅ​នឹងឆ្នាំ២០២១ ដែលមានចំនួនប្រមាណ ១៤១លានដុល្លារ៕  សម្រួលដោយ ទៀង បុណ្ណរី   

អត្ថបទដែលជាប់ទាក់ទង