សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ម្នាក់​ដើរ​បំភ័យ​កម្មករ​កុំ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ របស់​ចិន

TNM(កំពង់ឆ្នាំង)៖ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែ​មីនា ឆ្នាំ​២០២១​នេះ​ បាន​ចាប់​បុរស​ម្នាក់​បន្ទាប់ពី​បុរស​នេះ ​បាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម TikTok របស់ខ្លួន​បំភ័យ​កម្មករ​កុំ​ឲ្យ​ទៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​របស់​ចិន ។

បន្ទាប់ពី​បាន​ឃាត់ខ្លួន​បុរស​នោះ ​រួច​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ​បា​នប​ញ្ជូន​បុរស​នេះ​បន្តទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ប​ញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​យោងតាម​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹងថា បុរស​ម្នាក់​នោះ​មានឈ្មោះ តោ ច​ន្នី មុខរបរ​ជា​អ្នកបើករថយន្ត​ដឹកទំនិញ។​ បើតាម​សមត្ថកិច្ច​បន្ទាប់ពី​ឃើញ​វីដេអូ​ផុស​មាន​លក្ខណ​:​ញុះ​ញ៉​ង់ និង​ផ្សាយ​ខុសពី​ការពិត​ទាក់ទង​ទៅនឹង​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នៅលើ​បណ្តាញ​សង្គម Tik Tok ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ឲ្យ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ជន​ផ្សព្វផ្សាយ​ព័ត៌មាន​បំពុលសង្គម​ម្នាក់នេះ​ឲ្យ​បាន​ដើម្បី​យកមកអនុវត្ត​តាម​នី​តិ​វិធី​ច្បាប់ ។

ទន្ទឹម​និង​នេះ ដោយមាន​ការសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ បានធ្វើការ​ឃាត់ខ្លួន​បុរស​រូបនេះ បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​ក៏​សាង​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់។

​គួរ​បញ្ជាក់​ថា បុគ្គល​រូបនេះ​ បាន​ថត​វីដេអូ​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​វ៉ាក់សាំង​នេះ និង​ប្រាប់​ទៅ​កម្មករ​កុំ​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ ព្រោះ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្រោយ​ចាក់​រួច​។ លោក គឹម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់​ថា ដោយ​មិនទាន់​គិត​អំពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងទៀត បុគ្គល​ណា​ដែល​បាន​រារាំង​តាម​គ្រប់​មធ្យោបាយ​ក្នុង​ចេតនា​មិនឲ្យ​បុគ្គល​ដទៃ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង គឺជា​អំពើ​ល្មើសច្បាប់​ដែល​កំណត់​បានជា​បទល្មើស “​រារាំង​ដល់​ការអនុវត្ត​វិធានការ ” តាម​បទបញ្ញត្តិ​ក្នុង​មាត្រា​១១ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ដែល​ត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី​៦​ខែ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល ទៅ​១០​លាន​រៀល​។ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ ២០​លាន​រៀល កាលបើ​អំពើ​ខាងលើនេះ​បណ្តាល ឲ្យ​មាន​ការ​ចម្លង​ជំងឺ កូ​វីដ​-១៩ ដល់​អ្នកដទៃ​ឬ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​៕​

អត្ថបទដែលជាប់ទាក់ទង