អាជ្ញាធរខណ្ឌសែនសុខ ចុះធ្វើកិច្ចសន្យា និងផាកពិន័យអ្នកលក់គ្រឿងសមុទ្រនៅម្តុំត្រឡោកបែក

ក្រោយមានការស្នើសុំ និងសំណូមពរពីបងប្អូនប្រជាពលរដ្ឋដល់ក្រុមអ្នកអាជីវករប្រកបអាជីវកម្មលក់ដូរគ្រឿងសមុទ្រនៅតំបន់ត្រឡោកបែក ដែលបានចាក់ទឹកកខ្វក់ពីកាកសំណល់គ្រឿងសមុទ្របង្ហូរលើដងផ្លូវសាធារណៈជះក្លិនស្អុយ បង្កឲ្យប៉ះពាល់ដល់ពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវឆ្លងកាត់តំបន់នេះ អាជ្ញាធរខណ្ឌសែនសុខបានចុះចាត់វិធានការចំពោះក្រុមអាជីវករដែលលក់ដូរតាមបណ្ដោយផ្លូវ៥៩៨ ដែលចាក់ទឹក កខ្វក់តាមដងផ្លូវនេះ។ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ និងសណ្ដាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំ និងធ្វើការផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រដែលបង្ហូរទឹកស្អុយមកលើចិញ្ចើម និងផ្លូវសាធារណៈ។ ទីតាំងលក់គ្រឿងសមុទ្រនេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ តំបន់ត្រឡោកបែក ដែលតំបន់នេះជាប់ព្រំប្រទល់ជាមួយខណ្ឌទួលគោក និងខណ្ឌសែនសុខ ក៏ប៉ុន្តែទីតាំងលក់ស្ថិតនៅក្នុងភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។លោក សាំង សុភៈវិចិត្រ អភិបាលរង នៃគណៈអភិបាលខណ្ឌសែនសុខ ប្រាប់អោយដឹងថា កន្លែងលក់គ្រឿងសមុទ្រ ម្តុំត្រឡោកបែក ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសែនសុខ បានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងណែនាំម្តងរួចមកហើយដោយបាញ់ថ្នាំក្រហមតម្រូវអោយពួកគាត់លក់អោយឆ្ងាយពីចំណីផ្លូវសាធារណៈ មួយចំនួនបានអនុវត្ត ប៉ុន្តែមួយចំនួនផ្សេងទៀតមិនស្តាប់នោះទេ ទើបអាជ្ញាធរខណ្ឌ សហការជាមួយសាលាសង្កាត់ទឹកថ្លា ចុះមកម្តងទៀតណែនាំ និងធ្វើការផាកពិន័យដល់អាជីវករលក់គ្រឿងសមុទ្រដែលអនុវត្តតាម ។លោក សាំង សុភៈវិចិត្រ បញ្ជាក់ថា លើកក្រោយបើពួកគាត់មិនអនុវត្តតាមណែនាំ អាជ្ញាខណ្ឌសែនសុខ នឹងមានវិធានការដកហូតទំនិញ និងសម្ភារៈមួយចំនួនដើម្បីអនុវត្តតាមនីតិវិធី ៕ សម្រួលដោយ ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង