ក្រសួងអប់រំ នឹងប្រកាសលទ្ធលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែធ្នូខាងមុខ

ដោយសារការបូកពិន្ទុមានភាពលឿនឆាប់រហ័សនោះ ក្រសួងអប់រំ យុវជន និងកីឡា នឹង ប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មុនការគ្រោង​ទុក​ដោយប្រកាសនៅថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល ហើយថ្ងៃ​ទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តាខេត្តផ្សេងៗទៀត។ នេះបើយោងតាមសេចក្តី​ប្រកាស​​ព័ត៌​មានរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ សម័យប្រឡង០៥ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងខេត្ត​កណ្តាល នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៥៖០០ នាទី និងនៅ​ខេត្ត​ដទៃ​ទៀត នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ ក៏បានជម្រាបជូនដល់លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាព​មន្ទីរ ឱ្យមកទទួលយកបញ្ជី ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់បូកសរុបរបាយការណ៍ អគាររដ្ឋបាល ចៅពញាហុក ជាន់ទី៥ ដើម្បីយក ទៅបិទ​ផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។ ចំពោះការបើកស្រោមបញ្ជីប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេរ​រៀងៗ​ខ្លួន ដោយមានការចូលរួមពីនាយក នាយិកាគ្រឹះស្ថានសិក្សាដែលជាមណ្ឌលប្រឡង តំណាង ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមាន មណ្ឌល​ប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។ សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២២ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ដែលមាន​បេក្ខជនចុះឈ្មោះប្រឡង ចំនួន ១២៨ ១៣៥ នាក់ ស្រី ៦៨ ៧៧១ នាក់ និងមានមណ្ឌល​ប្រឡង ២២១ ត្រូវជា ៥ ១៧៤ បន្ទប់៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង