មកស្គាល់ឈ្មោះ និងស្នាដៃរបស់មេទ័ពខ្មែរសម័យអង្គរ ១២រូប ត្រូវបានសង់រូបសំណាកនៅសួនព្រះរាជដំណាក់ក្រុងសៀមរាប

ក្នុងកិច្ចសម្ភាសជាមួយអ្នកយកព័ត៌មាននាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ លោកស្រី គង់ បញ្ញា រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង បានប្រាប់ឲ្យដឹងថា ក្រសួងព្រះបរមរាជវាំង ក្រោមការផ្តួចផ្តើមនិងចង្អុលបង្ហាញពីសំណាក់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានរៀបចំជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំនៃសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ខេត្តសៀមរាប ចាប់តាំងពីដើមឆ្នាំ២០២០ និងរួចជាស្ថាពរនៅក្នុងខែតុលា ឆ្នាំ២០២២។ លោកស្រីបានបន្តថា ក្នុងពេលវេលាបន្តបន្ទាប់មកនេះ ក្រុមការងារបានសាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ផងដែរ។ មុននឹងបង្កើតរូបមេទ័ពទាំងនេះ ក្រសួងបានបង្កើតក្រុមការងារសហការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា អក្សសាស្ត្រ និងសិលាចារឹក ជាមួយសកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្ប: ដោយបានស្រាវជ្រាវនូវឯកសារសារជាច្រើន និងចុះទៅពិនិត្យរូបចម្លាក់មេទ័ពនៅតាមជញ្ជាំងប្រាសាទនានា ដូចជាប្រាសាទបន្ទាយឆ្មារ ប្រាសាទបាពួន ប្រាសាទបាយ័ន ប្រាសាទអង្គរវត្តជាដើម ដើម្បីស្វែងយល់និងកត់ត្រាប្រមូលទិន្នន័យពីប្រវត្តិមេទ័ពដែលមានស្នាដៃ ជាពិសេសមេទ័ពដែលមានឥទ្ធិពលធំធេងសម្រាប់ជាតិ។ ក្នុងការសិក្សាស្វែងយល់នោះ ក្រុមការងារបានកត់សម្គាល់ឃើញមានមេទ័ពជាង៣០រូបដែលបានបម្រើរាជការនៅសម័យអង្គរ ហើយក៏ត្រូវបានក្រុមការងារកំណត់ និងប្រមូលទិន្នន័យ។ លោករដ្ឋលេខាធិការបានបន្តទៀតថា តាមរយៈអង្គសិក្ខាសាលាពាក់ព័ន្ធនឹងការស្រាវជ្រាវនេះធ្វើឡើងកាលពីអំឡុងខែឧសភា ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកសិប្បកម្ម ក្រុមការងារបានពិភាក្សាជ្រើសរើសយកមេទ័ពបានចំនួន១២រូប ដែលកើតនិងបម្រើការាជការនៅសម័យបាពួន២រូប សម័យអង្គរវត្ត៧រូប និងសម័យបាយ័ន៣រូប ដែលមានប្រវត្តិអង់អាចក្លាហាន និងមានទិន្នន័យគ្រប់គ្រាន់ ដើម្បីចងក្រងជាឯកសារ និងបានសាងសង់រចនាឱ្យចេញជារូបរាងឡើង ហើយយកមកដាក់តាំងក្នុងបរិវេណសួននេះ។ ផ្អែកទៅលើតឹកតាងសិលាចារឹក និងរូបភាពនៅតាមជញ្ជាំងប្រាសាទ សិក្ខាសាលាបានកំណត់យករូបចំនួន១២ ដែលមានទិន្នន័យច្រើនជាងគេនៅក្នុងសិលាចារឹក និងចម្លាក់តាមជញ្ជាំងប្រាសាទមកដាក់តាំងបង្ហាញហើយការកំណត់យកចំនួន១២រូបនេះ គឺជាលេខដែលខ្មែរយើងតែងប្រើញឹកញាប់ និងតំណាងនៃនគរទាំង១២របស់ប្រវត្តិសាស្ត្រខ្មែរ។ ជាមួយនោះ ទាំងរូបរាង សម្លៀកបំពាក់ អាវុធបរិក្ខារ ម៉ូដសក់នៃមេទ័ពទាំង១២ ត្រូវបានស្មូន និងរចនាឡើងទៅតាមលំនាំសម័យកាលនៃមេទ័ពនោះ។ រូបសំណាកទាំង១២ត្រូវបានសាងសង់ឡើងអំពីលោហៈស្ពាន់ រចនាឡើងជាចម្លាក់មូល គឺមានលក្ខណៈ និងទ្រង់ទ្រាយពេញលេញ មានកម្ពស់២ម៉ែត្រ១តឹកដូចៗគ្នា ដោយមិនគិតពីជើងទម្រ និងមានទម្ងន់ពី២០០ទៅ៣០០គីឡូក្រាម ទៅតាមរូបរាងសណ្ឋាន អាវុធបរិក្ខារនៃរូបនីមួយៗ។ ទ្រង់ទ្រាយមុខមាត់នៃរូបសំណាកទាំងនេះ គឺសូននិងច្នៃឡើងតាមទម្រង់មុខ អត្តចរិតខ្មែរបុរាណសុទ្ធសាធទៅតាមសម័យកាលដែលមេទ័ពនោះរស់នៅ និងបម្រើការរាជការតាមរយៈរូបភាពនិងចម្លាក់នៅលើជញ្ជាំងប្រាសាទ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រីរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង។ បើតាមការអះអាងរបស់លោកស្រី គង់ បញ្ញា ថ្វីដ្បិតតែជាសមិទ្ធផលនៃស្នាដៃកូនខ្មែរសម័យថ្មី ប៉ុន្តែស្នាដៃដែលលេចឡើងនេះត្រូវបានរក្សានិងអនុលោមទៅតាមឯកសារប្រវត្តិសាស្ត្រជានិច្ច ដោយមិនចាកឆ្ងាយពីប្រវត្តិសាស្ត្រយើងនោះឡើយ៕ 

សៀមរាប៖ ក្រសួងព្រះបរមរាជវាំងបានកសាងរូបសំណាកមេទ័ពសម័យអង្គរចំនួន១២រូប នៅក្នុងបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប ដែលសុទ្ធតែជាមេទ័ពនិងរាជវង្សានុវង្សដ៏អង់អាចក្លាហាន និងមានស្នាដៃ/ស្នាព្រហស្ដយ៉ាងធំធែងចំពោះព្រះនគរកម្ពុជា ពិសេសនៅសម័យកាលបាពួន សម័យកាលអង្គរវត្ត និងសម័យកាលបាយ័ន។                     រូបសំណាកមេទ័ពខ្មែរទាំង១២រូបដែលត្រូវបានស្ថាបនាឡើងនោះ រួមមាន៖                              ១. ព្រះកំស្ដេងអញ ស្រីលក្ស្មីបតីវម៌្ម ជាមេទ័ពដ៏អង់អាចមួយរូបក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី១ (គ.ស.១០០៦-១០៥០)។ ព្រះស្រីលក្ស្មីបតីវម៌្ម ក៏ជាអ្នកជាប់សែរាជវង្សខ្មែរនៅទីក្រុងវ្យាធបុរៈ (បាភ្នំ ខេត្តព្រៃវែង) ផងដែរ ហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរបុរៈ (ក្រុងអង្គរ) ឱ្យទៅគ្រប់គ្រងនៅទីក្រុងទ្វារតីរបស់ពួករាមន្យ (ជនជាតិមន)។ គួរជម្រាបថា «ព្រះកំស្ដេងអញ» គឺជាឋានន្តរនាមសម្រាប់អភិជន មហាមន្ត្រី មហាសេនាបតី អ្នកអង្គម្ចាស់ ប្រធានតុលាការ បុព្វជិតសាសនាជាដើម។

២. មហាសេនាបតី សង្គ្រាម ជាមេទ័ពដ៏ឆ្នើមមួយរូបក្នុងរាជ្យព្រះបាទឧទិយាត្យវម៌្មទី២ (គ.ស.១០៥០-១០៦៦) ដែលបានទទួលគោរម្យងារជា «មហាសេនាបតី» ពីព្រះរាជា។ ដូនតាវង្សត្រកូលរបស់លោកក៏ជាអ្នកបម្រើរាជការនិងកងទ័ពច្រើនជំនាន់មកហើយ ពោលគឺតាំងពីរាជ្យព្រះបាទជយវម៌្មទី២ (គ.ស.៨០២-៨៣៤) មកម្ល៉េះ។ គួរជម្រាបថា «មហាសេនាបតី» គឺជាឋារន្តរនាមខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរ។

៣. ព្រះកម្រតេងអញមហាសេនាបតី ស្រីវីរេន្ទ្រវម៌្ម ជាអ្នកសញ្ជកកវីស្វរៈ និងជាមេទ័ពដែលមានតួនាទីនិងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គួរជម្រាបថា «ព្រះកម្រតេងអញ» ជាឋានន្តរនាមសម្រាប់រាជវង្សានុវង្ស អភិជន មហាមន្ត្រី ដែលមានន័យថា «ព្រះបាទ»។ ពាក្យ «កម្រតេងអញ» ជាពាក្យខ្មែរបុរាណ ដោយពាក្យ «កម្រតេង» មានន័យថា «ម្ចាស់» រីឯពាក្យ «អញ» មានន័យថា «ខ្ញុំ» ដូច្នេះពាក្យ «កម្រតេងអញ» គឺមានន័យថា «ម្ចាស់របស់ខ្ញុំ ឬ លោកម្ចាស់របស់ខ្ញុំ»។                                                                        ៤. ព្រះកម្រតេងអញ ស្រីនរបតីន្ទ្រវម៌្ម ជាមេទ័ពជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចិះ (?) និងជាមន្ត្រីបម្រើរាជការតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) រហូតដល់រាជ្យព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨)។

៥. ព្រះកម្រតេងអញ ស្រីស្រិន្ទ្រកុមារ ជាព្រះរាជបុត្រារបស់ព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) ជាមួយព្រះនាងជយរាជទេវី។ ព្រះរាជបុត្រអង្គនេះបានដឹកនាំទ័ពចេញច្បាំងជួយព្រះបិតា (កាលមិនទាន់សោយរាជ្យ) ក្នុងការទប់ទល់នឹងកងទ័ពចាម និងបានច្បាំងតទល់នឹងជនក្បត់ ភរតរាហូ ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ហើយក៏បានពលីជីវិតក្នុងសង្គ្រាមជាមួយមេទ័ពដទៃទៀត។ ដោយសារព្រះរាជបុត្រាមានស្នាដៃការពារព្រះនគរយ៉ាងដូច្នេះ ទើបព្រះបាទជយវម៌្មទី៧បានត្រាស់បង្គាប់ឱ្យកសាងប្រាសាទបន្ទាយឆ្មារដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ទ្រង់ ហើយក៏បានកសាងរូបបដិមាទេពមួយអង្គនាម «ព្រះកម្រតេងជគតស្រីស្រិន្ទ្រទេវ» ជាតំណាងឱ្យព្រះស្រីស្រិន្ទ្រកុមារនៅឋានទេវលោក តម្កល់ទុកនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះ។

៦. ព្រះកម្រតេងអញ ធនញ្ជ័យ គេហៅលោកម្យ៉ាងទៀតថា អ្នកសញ្ជក អជ៌ន ជាមេទ័ពជំនិតរបស់ព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ អ្នកសញ្ជក អជ៌ន បានចេញច្បាំងការពារព្រះរាជបល្ល័ង្កព្រះបាទយសោវម៌្មទី២ (គ.ស.១១៦០-១១៦៥) ទប់ទល់នឹងពួកក្បត់ដឹកនាំដោយ ភរតរាហូ រហូតដល់ពលីបាត់បង់ជីវិត។ ដោយសារការពលីការពារព្រះនគរនេះហើយ ទើបព្រះបាទជយវម៌្មទី៧ (គ.ស.១១៨១-១២១៨) បានប្រទានងារដល់លោកជា «អំតេង» និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងជគតអជ៌នទេវ» តម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ និងមួយទៀតនៅក្នុងប្រាសាទព្រះខ័ន ខេត្តសៀមរាប។ គេក៏ឃើញមានចម្លាក់ព្រះកម្រតេងអញ ធនញ្ជ័យ ឬអ្នកសញ្ជក អជ៌ន នេះ នៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២ ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្ត នេះបញ្ជាក់ថា លោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ផងដែរ។ គួរជម្រាបថា «អំតេង» ជាឋានន្តរនាមរបស់វរជន យុទ្ធជន សេនាបតីដែលមានភក្តីភាពចំពោះព្រះមហាក្សត្រ ខណៈឋានន្តរនាមនេះគឺឃើញមានប្រើក្នុងរាជ្យព្រះបាទជយវម៌្មទី៧ សតវត្សទី១២ ដែលព្រះអង្គប្រោសប្រទានគោរម្យងារនេះចំពោះមេទ័ពដែលបានច្បាំងស្លាប់ក្នុងសមរភូមិការពារព្រះនគរ និងរាជបល្ល័ង្កស្របច្បាប់។                                                                           ៧. អ្នកសញ្ជក ស្រីវទ៌្ធន ជាមេទ័ពដ៏សំខាន់មួយរូបតាំងពីរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០)។ គេឃើញមានចម្លាក់រូបលោកនៅលើភ្នំសិវបាទ និងនៅក្នុងក្បូនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២។ អ្នកសញ្ជក ស្រីវទ៌្ធន មានបងប្អូនម្នាក់ឈ្មោះ ស្រីទេវ ហើយបានប្ដេជ្ញាចេញច្បាំងការពារព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាម រហូតដល់ពលីបាត់បង់ជីវិតទាំងពីរនាក់តែម្ដង។ ព្រះបាទជយវម៌្មទី៧បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីវទ៌្ធនទេវ» តម្កល់ទុកនៅក្នុងប្រាង្គពាយ័ព្យនៃប្រាសាទបន្ទាយឆ្មារ។                                                                                                              ៨. អ្នកសញ្ជក ស្រីទេវ ជាមេទ័ពនិងជាបងប្អូនរបស់មេទ័ព ស្រីវទ៌្ធន ដែលបានចេញច្បាំងជួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចាម្ប៉ា រហូតដល់ពលីបាត់បង់ជីវិត។ ព្រះបាទជយវម៌្មទី៧បានប្រទានគោរម្យងារដល់លោកជា «អំតេង» ដូចបងប្អូនរបស់លោកដែរ និងបានសាងរូបបដិមាទេពនាម «ព្រះកម្រតេងអញជគតស្រីទេវ» ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារ។                                                         ៩. អ្នកសញ្ជក ស្រីធរទេវបុរ ជាមេទ័ពដែលបម្រើការពារព្រះនគរក្រុងយសោធរបុរៈ ដោយបានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជក អជ៌ន (ទី៥) ចេញច្បាំងទប់ទល់នឹងពួកក្បត់ ភរតរាហូ ដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវម៌្មទី២។ ក្នុងសង្គ្រាមការពារព្រះនគរនេះ អ្នកសញ្ជកស្រីធរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីស្រិន្ទ្រកុមារ។ ដោយសារស្នាដៃនិងការលះបង់ចំពោះជាតិយ៉ាងដូច្នេះហើយ ទើបព្រះបាទជយវម៌្មទី៧បានប្រទានគោរម្យងារដល់លោកជា «អំតេង» និងបានកសាងបដិមាទេពនាម «ព្រះកម្រតេងជគតស្រីធរទេវបុរ» ជាតំណាង តម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារ។ គួរជម្រាបថា «អ្នកសញ្ជក» គឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកព្រះទ័យ ជាជំនិតរបស់ព្រះរាជា ដោយសារពួកគេមានភក្តីភាពរហូតដល់ហ៊ានពលីបូជាជីវិតដើម្បីការពារព្រះរាជា តួយ៉ាងដូចជាអ្នកសញ្ជកនាសម័យអង្គរទាំងឡាយនេះជាដើម។

១០. ព្រះកម្រតេងអញ ស្រីជយសិង្ហវម៌្ម ជាមេទ័ពជាប់សែស្រឡាយព្រះរាជវង្ស និងមានគោរម្យងារជា «ខ្លោញវលល្វោ» ដែលជាមេទ័ពស្រួចមានជំនាញដឹកនាំទ័ពលុកព្រៃមកពីតំបន់ល្វោ (ទ្វារវតី)។

១១. ព្រះកម្រតេងអញ ស្រីវិរេន្ទ្រធិបតីវម៌្ម ជាមេទ័ពគ្រប់គ្រងនៅតំបន់ឆោកព្កុល (?) ក្នុងរាជ្យព្រះបាទសូរ្យវម៌្មទី២ (គ.ស.១១១៣-១១៥០) ទើបគេឃើញមានរូបចម្លាក់លោកនៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវម៌្មទី២ដែលចុះពីភ្នំសិវបាទ (ភ្នំព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ)។

១២. ព្រះកម្រតេងអញ ស្រីរាជេន្ទ្រវម៌្ម។

 

អត្ថបទដែលជាប់ទាក់ទង