កិច្ចប្រជុំផ្សព្វផ្សាយណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋ ក្នុងភូមិសាស្ត្រ ព្រះវិហារ

នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការតំណាង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ឯកឧត្តម យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហា និងលោក នូ សុបញ្ញា អនុប្រធាន នាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំ និងជំរុញការធ្វើប័ណ្ណកម្មសិទ្ធិលើដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។ កិច្ចប្រជុំនេះត្រូវ បានធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ដោយបានការចូលរួមពី លោក លោកស្រីជា ប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងអង្គភាពពាក់ព័ន្ធមួយចំនួន ។ នាឱកាសនោះឯកឧត្តម យុង គឹមហ៊ាន អភិបាលរងខេត្តព្រះវិហារ បានជម្រាបជូនថាមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កំពុងធ្វើការចុះបញ្ជីដីមានលក្ខណៈជា ប្រព័ន្ធនៅក្នុងខេត្តព្រះវិហារ ។ ឯកឧត្តមបានបញ្ជាក់ថា ក្បាលដីរបស់ស្ថាប័ន ឬ អង្គភាពរដ្ឋមួយ ចំនួន នៅមិនទាន់បានដាក់ពាក្យស្នើសុំ ចុះបញ្ជីដីនៅឡើយ ហើយស្ថាប័ន ឬ អង្គភាពរដ្ឋមួយ ចំនួនមានការឆកល្វែងក្នុងការចូលរួមជាមួយក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។ លោក នូ សុបញ្ញា អនុប្រធាននាយកដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមាន ប្រសាសន៍ជំរុញដល់គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរ ដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋត្រូវខិតខំ ការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងអស់នោះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវ ស្របតាមបែបបទ នៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះលោកបានលើក ទឹកចិត្តដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន នឹងស្តាប់ពីឯកឧត្តម សរ សុវណ្ណ ដែលនឹងធ្វើការផ្សព្វផ្សាយណែនាំក្នុងកិច្ចប្រជុំនេះ ជាពិសេសត្រូវចូលរួមលើកជាសំណួរ ឱ្យបានផុលផុស ដើម្បីពង្រឹងចំណេះដឹង មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអនុវត្តន៍តាម គោលការណ៍ណែនាំទាំងនេះឱ្យបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។  ឯកឧត្តម សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ និងបណ្ដាមន្ទីរ អង្គភាពទាំងអស់ក្នុងខេត្តត្រូវកំណត់ទំហំក្បាលដីនិងចំនួនក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ បន្ថែមពីនោះ ត្រូវកំណត់ព្រំដី ជាមួយដីជិតខាងឱ្យបានច្បាស់លាស់ ដើម្បីសម្រួលដល់ក្រុម ការងារ ងាយស្រួលក្នុងការវាស់វែង ព្រមទាំងបញ្ជាក់ពីប្រវត្តិដីឱ្យបានជាក់លាក់ និងត្រូវបញ្ជាក់ តំណាងក្នុងការគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លីរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់ ។ ទន្ទឹម នឹងនេះឯកឧត្តមក៏បានជំរុញដល់ក្រុមការងារចុះបញ្ជីដីរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឱ្យ បានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង