បច្ចុប្បន្នមានរថយន្តជាង ១៧ ម៉ឺនគ្រឿង មិនទាន់ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ

ភ្នំពេញ៖ បច្ចុប្បន្ននេះនៅមានរថយន្តជាង ១៧ ម៉ឺនគ្រឿង នៅមិនទាន់បានចូលទៅត្រួតពិនិត្យ​លក្ខណៈបច្ចេកទេស ដែលហៅថា ឆៀកនៅឡើយនោះទេ ​នគរបាលអាចឃាត់ និងធ្វើការផាក​ពិន័យ ដូច្នេះម្ចាស់រថយន្តទាំងនេះត្រូវចូលមក​ ឆៀករថយន្តឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២នេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ នាឱកាស​អញ្ជើញ​ជា​អធិបតីសម្ភោធ​មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ​ដែលហៅថា ឆៀក នៅ​ផ្សារដីហុយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ​នៅកម្ពុជាមានក្រុមហ៊ុនកំពុងដំណើរការត្រួត​ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចំនួន ​៤ក្រុមហ៊ុននៅរាជធានីភ្នំពេញ ​មានទីតាំងត្រួតពិនិត្យ ចំនួន ៨ទីតាំង​ និងមាននៅតាមបណ្ដាខេត្តចំនួន ១២ខេត្ត ក្រៅពីនេះនៅមានក្រុមឆៀក​ចល័ត​បន្ថែមទៀត ​ដែលជាការផ្ដល់សេវាឱ្យដល់និងគៀកប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ​បានអំពាវនាវសូមឱ្យម្ចាស់រថយន្តដែលមិនទាន់​បាន​ឆៀក​ត្រឹម​ត្រូវ ត្រូវឆាប់យករថយន្តមកឆៀកឱ្យបានទាន់ពេលវេលា។ ក្រសួងសាធារណការ បាន​ពិភាក្សាគ្នា​ជាមួយ​តំណាងអគ្គស្នងការនគរបាលជាតិ ​ក៏ដូចជាគណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ដើម្បីឆ្មក់​មើលរថយន្តនោះថា តើមានលក្ខណៈបច្ចេកទេសត្រឹមត្រូវឬទេ និងថាតើប័ណ្ណ​បើក​បរ​មាន​ផុត​សុពលភាព ឬទេជាដើម​ ដូច្នេះសូមម្ចាស់យានយន្តគោរពច្បាប់ ​គឺ២ឆ្នាំត្រូវឆៀកយានយន្តម្ដង ដើម្បី​ជាពលរដ្ឋល្អ និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍​ដោយកត្តាយានយន្ត​ ព្រោះថា ក្នុងមួយឆ្នាំ​គ្រោះថ្នាក់​ចរាចរណ៍បានបំផ្លាញសេដ្ឋកិច្ចប្រមាណ ​៤៥០លានដុល្លា ​និងមានអ្នកស្លាប់ក្នុង​មួយថ្ងៃ​ជាមធ្យម៥នាក់​ ដែលក្នុងមួយខែ​មានប្រមាណ​ ១៥០នាក់ ​ដែលនេះគឺជាចំនួនច្រើនណាស់។ សូមចូលរួមគោរពច្បាប់ ​ដើម្បីកាត់បន្ថយថវិកាឯកជន ​និងរដ្ឋ ដែលខាតបង់​ដោយ​សារគ្រោះថ្នាក់ចរាចរណ៍​ និងកាត់បន្ថយកុំឱ្យមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង