រដ្ឋមន្ត្រីសុខាភិបាល បើកយុទ្ធនាការបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាម

ភ្នំពេញ៖ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ សហការជាមួយក្រុមហ៊ុនទឹកពិសា វីតាល់ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងដៃគូជាច្រើនទៀតរួមមាន ​កាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យសុខាភិបាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ ក្រោមប្រធានបទ “ចែករំលែកជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា” នៅបរិវេណទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ។ កម្មវិធីនេះ ជាកម្មវិធីលើកទី១៥ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរៀបចំឡើង​ក្នុងគោលបំណងបំផុសចលនាស្ម័គ្រចិត្តផ្តល់អំណោយឈាម ដើម្បីចូលរួមចំណែកបំពេញ​តម្រូវ​ស្តុកឈាម ដល់អ្នកជំងឺកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា។ លោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) កម្មវិធីនេះ គឺកើតឡើងបាន​ ដោយសារមានការគាំទ្រពីសំណាក់​អតិថិជន ​និងអ្នកប្រើប្រាស់ផលិតផល វីតាល់ ដែល​ជានិច្ចកាល វីតាល់ ​បានបន្តរក្សាបេសកកម្ម ក្នុងការកាត់ប្រាក់ចំណេញ២៥រៀល​ពីវីតាល់​ក្នុង១ដប ​បង្វិលចូលមូលនិធិ ​សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា។ បូរេប្រទាននេះ បានជំរុញទឹកចិត្តឱ្យ វីតាល់ បន្តចូលរួមឧបត្ថម្ភ គាំទ្រដល់ការបង្កើត​ឲ្យមាន​គម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយ​ និងឆ្លើយតបបញ្ហាសង្គមលើគ្រប់វិស័យ ពិសេស​គឺយុទ្ធនាការ ​និងកម្មវិធីផ្តល់អំណោយឈាម ​ដោយស្ម័គ្រចិត្ដ ​និងក្តីសប្បុរស។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោត​សសើរ​ដល់ទឹកចិត្តសប្បុរសធម៌ ​ដ៏ថ្លៃថ្លារបស់និស្សិត ​សាស្រ្តាចារ្យ និងអ្នកស្ម័គ្រចិត្តផ្តល់អំណោយ​ឈាម​ទាំងឡាយដែលមានសណ្តានចិត្ត​សប្បុរស​ក្នុងការ​បរិច្ចាគឈាម​ជាទៀងទាត់ដែលទង្វើនេះ​បាន​បង្ហាញ​យ៉ាងច្បាស់នូវឆន្ទៈ សាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី ​ដែលគប្បីបន្តអនុវត្តឲ្យកាន់តែច្រើន​ក្នុងសង្គមខ្មែរយើង។ គួរបញ្ចាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមដ៏ធំចុងឆ្នាំ២០២២ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល ក្រោមការឧបត្ថម្ភ ​គាំទ្រដោយវីតាល់ ​រយៈពេល១ថ្ងៃនេះ ទទួលបានអ្នកស្ម័គ្រចិត្ត​ផ្តល់​អំណោយឈាមប្រមាណជិត៣០០នាក់។​ វីតាល់ ​ដែលមានមូលនិធិ២៥រៀល បានបន្តរក្សា​នូវ​មូលដ្ឋាន​នៃការឧបត្ថម្ភ ​គាំទ្រក្នុងគ្រប់សកម្មភាព ​និងយុទ្ធនាការ ​នៃការបរិច្ចាគអំណោយឈាម​ដោយ​ស្ម័គ្រចិត្តពីគ្រប់ស្ថាប័ន៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង