អ្នកការទូតជើងចាស់អាម៉េរិកម្នាក់បានអំពាវនាវឱ្យមានការចរចាសន្តិភាព ប៉ុន្តែអ៊ុយក្រែនបានច្រានចោលសំណើនេះ
អ្នកការទូតជើងចាស់របស់សហរដ្ឋអាម៉េរិក លោក Henry Kissinger បាននិយាយថា ពេលវេលាកាន់តែខិតជិតដល់ការចរចាសន្តិភាពនៅអ៊ុយក្រែន ដើម្បីកាត់បន្ថយហានិភ័យនៃការកកើតសង្គ្រាមលោកជាថ្មីម្ដងទៀត ប៉ុន្តែរដ្ឋាភិបាលទីក្រុងកៀវបានច្រានចោលការលើកឡើងនេះថា ស្មើនឹងការផ្គាប់ចិត្តរុស្ស៊ី ហើយបាននិយាយថា មិនអាចមានកិច្ចព្រមព្រៀងណាមួយដែលពាក់ព័ន្ធនឹងការបោះបង់ទឹកដីនោះឡើយ។ លោក Kissinger អាយុ ៩៩ ឆ្នាំ និងជាស្ថាបត្យករនៃគោលនយោបាយសង្រ្គាមត្រជាក់ក្នុងសម័យសហភាពសូវៀត ក្នុងនាមជារដ្ឋលេខាធិការក្រោមការដឹកនាំរបស់ប្រធានាធិបតីសាធារណរដ្ឋ លោក Richard Nixon និង លោក Gerald Ford បានជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ជាច្រើនដងចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ ២០០០។ លោកបានសរសេរនៅក្នុងទស្សនាវដ្ដី The Spectator ថា៖ «ពេលវេលាកាន់តែខិតជិតមកដល់ ដើម្បីកសាងការផ្លាស់ប្ដូរជាយុទ្ធសាស្ត្រ ឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពតាមរយៈការចរចា។ ដំណើរការសន្តិភាពមួយគួរតែភ្ជាប់អ៊ុយក្រែនជាមួយនឹងអង្គការណាតូ ប៉ុន្តែការផ្លាស់ប្ដូរនៃអព្យាក្រិតភាព នឹងមិនមានអត្ថន័យទៀតទេ»។ យ៉ាងណាមិញ ជំនួយការប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយនៅលើកម្មវិធីផ្ញើសារតេឡេក្រាមថា៖ «លោក Kissinger នៅតែមិនយល់ពីធម្មជាតិនៃសង្រ្គាម និងឥទ្ធិពលរបស់វាទៅលើសណ្តាប់ធ្នាប់ពិភពលោក។ សំណើដែលអតីតរដ្ឋលេខាធិការរូបនេះបានអំពាវនាវនោះគឺ ត្រូវផ្គាប់ចិត្តរុស្ស៊ីតាមរយៈការទទួលស្គាល់ការកាត់ទឹកដីអ៊ុយក្រែនទៅឱ្យរដ្ឋឈ្លានពាននេះ ជាថ្នូនឹងការធានាមិនលុកលុយរដ្ឋផ្សេងទៀតក្នុងអឺរ៉ុបខាងកើត»។ លោកបានបន្ថែមថា៖ «អ្នកគាំទ្រដំណោះស្រាយរបស់លោក Kissinger គួរតែចងចាំថា កិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ី នឹងក្លាយជាជ័យជម្នះសម្រាប់លោក ពូទីន និងជារូបមន្តនៃភាពជោគជ័យ សម្រាប់អ្នកកាន់អំណាចផ្តាច់ការដទៃទៀតនៅជុំវិញពិភពលោក»។ ទន្ទឹមគ្នានោះ ប្រធានភ្នាក់ងារស៊ើបការសម្ងាត់ CIA លោក William Burns បាននិយាយនៅក្នុងបទសម្ភាសមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ខណៈពេលដែលជម្លោះភាគច្រើនបញ្ចប់នៅក្នុងការចរចា រុស្ស៊ីមិនទាន់មានចំណាប់អារម្មណ៍លើការចរចាពិតប្រាកដ ដើម្បីបញ្ចប់សង្គ្រាមនៅឡើយទេ។ គួរបញ្ជាក់ថា លោក ពូទីន បានចាត់ទុកសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ដោយសង្កត់ធ្ងន់ថា សង្រ្គាមនេះជាចំណុចរបត់មួយ និងជាពេលដែលរុស្ស៊ីបានក្រោកឡើងប្រឈមមុខចំពោះលោកខាងលិច បន្ទាប់ពីភាពអាម៉ាស់ជាច្រើនទសវត្សរ៍ ចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ ១៩៩១។ យ៉ាងណាមិញ អ៊ុយក្រែន និងលោកខាងលិចកត់សម្គាល់ថា លោក ពូទីន មិនមានហេតុផលសម្រាប់បង្កសង្គ្រាមកាន់កាប់តាមបែបអធិរាជនោះទេ៕