សម្តេចតេជោ ហ៊ុន សែន ការអភិវឌ្ឍរបស់ចិនផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើនសម្រាប់អាស៊ាន ទាំងសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ

រាជធានីភ្នំពេញ៖ ការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងភូមិសាស្ត្រនយោបាយ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងបរិការណ៍ដែលពិភពលោកកំពុងបន្តប្រឈមនឹងបញ្ហា និងហានិភ័យកាន់តែច្រើន ប្រកបដោយភាព មិនប្រាកដប្រជាខ្ពស់ ដូចជាការបន្តរាតត្បាតនៃជំងឺកូវីដ-១៩, ការប្រកួតប្រជែងផ្នែកភូមិសាស្ត នយោបាយ, ការគាំពារនិយម, ភាពមិនប្រាកដប្រជា នៃទស្សនវិស័យសេដ្ឋកិច្ចសកល, ការប្រែប្រួលអាកាសធាតុ, ការបន្តបន្ទច់បង្អាក់ចរន្ត នៃខ្សែច្រវាក់តម្លៃ និងផលិតកម្មសកល សម្ដេចតេជោ ហ៊ុន សែន មានសង្ឃឹមជឿជាក់ថា កិច្ចសហការអាស៊ាន-ចិន ដែលបាន និងកំពុងនឹងបើកទំព័រថ្មីមួយតាមរយៈការអនុវត្ត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» និងការបង្កើត «តំបន់ពាណិជ្ជកម្មសេរីចិន- អាស៊ាន ទម្រង់ថ្មី ៣.០» នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរឱ្យកាន់តែមានសក្ដានុពលប្រកបដោយថាមវន្តបន្ថែមទៀត។សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ស្ថិតក្នុងបរិការណ៍នេះដែរ អាស៊ាន-ចិនត្រូវតែធ្វើការរួមគ្នា ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលមានលក្ខណៈបើកចំហ, តម្លាភាព, ប្រកបដោយបរិយាបន្ន, បំពេញបន្ថែម និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ តួយ៉ាង កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) គឺជាគំរូដ៏ល្អបំផុតមួយ នៃប្រព័ន្ធពាណិជ្ជកម្មបើកចំហ ប្រកបដោយបរិយាបន្នដែលផ្អែកលើវិធាននៃច្បាប់ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តពិតប្រាកដរបស់ យើង ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ក្នុងន័យនេះ យើងត្រូវបន្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់នូវគំនិតផ្ដួចផ្តើម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សេងៗទៀត ដើម្បីចាប់យកសក្តានុពល នៃកិច្ចអភិវឌ្ឍរបស់តំបន់ទាំងពីរឱ្យបានជាអតិបរមា»។ ទន្ទឹមនេះដែរ សម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ាន និងចិន ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើការពន្លឿនការធ្វើសមាហរណកម្ម សង្គម-សេដ្ឋកិច្ច, ការលុបបំបាត់របាំងពាណិជ្ជកម្ម, ការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និង ផលិតកម្មក្នុងតំបន់ ព្រមទាំងការចាប់យកនូវកាលានុវត្តភាពថ្មីៗពីសេដ្ឋកិច្ចឌីជីថល, កំណើន បៃតង, អន្តរកាលថាមពល និងការបង្កើនសមត្ថភាពសហគ្រាសមីក្រូ, ធុនតូច និង មធ្យម (MSMEs) ដែលត្រូវបានចាត់ទុកថាជាចន្ទល់កំណើនសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី និងជាពិសេសការប្រកាន់ខ្ជាប់នូវអភិក្រមពហុភាគីនិយម ក្នុងការដោះស្រាយរាល់នូវបញ្ហានានា៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង