អភិបាលខេត្តកណ្តាល ចូលរួមក្នុងពិធីបិទការបោះជំរំយុវជនបីល្អ(កូនល្អ សិស្សល្អ មិត្តល្អ) ថ្នាក់ខេត្ត ឆ្នាំ២០២២

ការបោះជំរំយុវជនបីល្អ (កូនល្អ សិស្សល្អ មិត្តល្អ) ថ្នាក់ខេត្ត ឆ្នាំ២០២២ ក្រោមប្រធានបទ «ស្នាដៃយុវជនគាំទ្រគន្លឹះសហគមន៍សាលារៀន» គឺជាផ្នែកអប់រំដ៏មានសារៈបំផុត ដែលបានបង្កើតឱកាសប្រចាំឆ្នាំសម្រាប់យុវជនមកពីគ្រប់មជ្ឈដ្ឋានក្នុងទូទាំងខេត្ត មកជួបជុំគ្នាទទួលការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវ ធ្វើការពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ និងការបូកសរុបនូវវឌ្ឍនភាពការងារ របស់យុវជនតាមសាលារៀន ដែលបានអនុវត្តន៍យ៉ាងជោគជ័យ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅរាត្រីថ្ងៃអាទិត្យ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងពិធីបិទការបោះជំរំយុវជនបីល្អ (កូនល្អ សិស្សល្អ មិត្តល្អ) ថ្នាក់ខេត្ត ឆ្នាំ២០២២ថា ក្មួយៗសិស្សានុសិស្ស គឺពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលបានរស់នៅក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ បើប្រទេសជាតិគ្មានសន្តិភាពទេ គឺយើងមិនអាចមានឱកាសសិក្សារៀនសូត្រ និងអាចបោះជំរំជួបជុំគ្នាដូចពេលនេះបានទេ។សន្តិភាព​គឺ​មូលដ្ឋាន​គ្រឹះ​នៃ​ការអភិឌ្ឍ​លើគ្រប់វិស័យ ។ ដូច្នេះយើងទាំងអស់គ្នា ដែលជាសិស្សានុសិស្ស និងយុវជន​ដែលជាទំពាំងស្នងឫស្សី ជាសសរទ្រូងនៃប្រទេសជាតិ ត្រូវរួមគ្នាបន្ត​រក្សា​បាន​នូវ​សុខសន្តិភាព​ជាដរាប ជាមួយរាជរដ្ឋាភិបាល និង ត្រូវខិតខំរៀនសូត្រ ឱ្យ​ក្លាយ​ជា​ធនធាន​ដែល​មាន​សក្ដានុពល​មិនចេះ​រីងស្ងួត សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។​ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរអប់រំយុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តលើកកម្ពស់​ការ​អភិវឌ្ឍ​យុវជននៅ​តាម​សាលារៀន តាម​រយៈការ​រៀបចំ​ពង្រឹង​ និង​ពង្រីក​រចនាសម្ព័ន្ធ​យុវជន ​និងកុមារ​ជាប្រព័ន្ធ​ក្រុមការងារ​ដ៏មាន​សក្ដា​នុពល ​ក្នុងការ​សិក្សា​អប់រំទាំងជំនាញ​ទន់​ និង​ជំនាញ​វិជ្ជា​ជីវៈ ភាព​ជា​អ្នកដឹកនាំ​វ័យ​ក្មេង​ សហគ្រិនភាព​ និង​ធុរកិច្ច​ ជា​ប្រយោ ជន៍​សម្រាប់​ការ​អភិវឌ្ឍ​សាលារៀន និង​សហគមន៍។ ត្រូវ​រៀបចំ​ឱ្យ​មាន​ការជួបជុំ​យុវជន​ប្រកួតប្រជែងស្នាដៃ​វិទ្យសាស្ត្រ​ ការដេញ​ដោលមតិ ការបោះជំរំ និង​ទស្សនកិច្ច​សិក្សា ​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុង​ក្រុង ស្រុក ក្នុង​ខេត្ត​ និងក្រៅខេត្ត​ ដើម្បី​ឱ្យ​យុវជន​យើង​មាន​ឱកាស​ទទួលបាន​បទពិសោធន៍​ និង​ចំណេះ​ដឹងថ្មីៗ​ឱ្យ​បាន​ទូលំទូលាយបន្ថែមទៀត ។ សូមជម្រាបថា ការបោះជំរំយុវជនបីល្អថ្នាក់ខេត្ត ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ ដែលបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានយុវជន តំណាងយុវជនមានស្នាដៃល្អប្រចាំឆ្នាំ២០២២ ចូលរួមបោះជំរំ នៅក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល សរុបចំនួន ១៦២នាក់ ស្រី ៨៥នាក់ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង